ខេត្តបន្ទាយមានជ័យ៖ លោករដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសប្ដេជ្ញាធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តដែលល្អដាច់គេក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន។ ការប្ដេជ្ញាចិត្តបែបនេះ បានធ្វេីឡេីងនៅក្នុងកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ។
សូមជម្រាបថា លោករដ្ឋមន្ដ្រី ឌិត ទីណា កំពុងស្ថិតនៅក្នុងដំណើរបេសកកម្មរយៈពេលពេញមួយសប្ដាហ៍ ដើម្បីជួបប្រជុំជាមួយក្រុមការងារចុះមូលដ្ឋាននៅស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។ ស្រុកថ្មពួក គឺជាស្រុកទី៤ហើយ ដែលលោករដ្ឋមន្ដ្រី បានជួប និងស្ដាប់របាយការណ៍ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់មន្ដ្រីរាជការនិងអាជ្ញាធរនៅឃុំទាំង៦នៃស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ លោកប្ដេជ្ញាធ្វើឱ្យខេត្តបន្ទាយមានជ័យ មានសេវាសាធារណៈល្អដាច់គេ តាមរយៈការរៀបចំផ្ដល់មន្ដ្រីកិច្ចសន្យាបន្ថែមទៅកាន់ស្រុកនីមួយៗ តាមចំនួនដែលចាំបាច់។ សេវាសាធារណៈដែលល្អនិងលឿនរហ័ស សម្រាប់លោករដ្ឋមន្ដ្រី នឹងជួយសម្រួលដល់ប្រជាជននៅក្នុងមូលដ្ឋាននីមួយៗ ដែលអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
សូមជម្រាបជូនថា កិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត ,លោលអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកថ្មពួក៕
ដោយ៖ តារា