ខេត្តក្រចេះ ៖ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
នេះជាការថ្លែងលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំបូកសរុបលទ្ធផលនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង ៤៨ នៃខេត្តក្រចេះសរុបចំនួនប្រមាណជាង ៤០០ រូប ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ ក្រុង ស្រុក រួចមក លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី អស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារកន្លងមកបានយ៉ាងល្អ។ លោល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បាន លើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមការងាររាជរដ្ឋាភុបាល ហើយបានធ្វើការដាក់ចុះទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបំរើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរបន្ថែមទៀត ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានគួសបញ្ជាក់អំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ដែលបានដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តភ្លាមៗនៅឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា។
លោក នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាម លោក ផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត ។
លោក ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំស្រុកនានាដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន៕
ដោយ៖ តារា