ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិនឃាត់ខ្លួនយុវជនម្នាក់យកជើងគោ,នំ មកឱ្យបងប្អូនត្រូវមន្ត្រីអនុរក្សឆែកឃើញថ្នាំញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍នគរបាលជំនាញគ្រឿងញៀននៃស្នងការដ្ឋានខេត្ត នៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃចន្ទ ២៥ ខែមីនា ឆ្នាំ២០២៤ ដោយបានទទួលបទបញ្ជាពីលោកសេង សុគន្ធ ស្នងការ និងមានការណែនាំពីលោក   សោម ប៉ិម ស្នងការរងទទួលផែន លោក.សេង ចិន្តា បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះទៅដល់កន្លែងពន្ធនាគារខេត្តប៉ៃលិន ដែលស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចុះសហការជាមួយកម្លាំងមន្រ្តីអនុក្សពន្ធនាគារដើម្បីពិនិត្យវត្ថុតាង (ម៉ាទឹកកកICE) ដែលមន្រ្តីអនុរក្សពន្ធនាគារបានធ្វើការដកហូតពីជនសង្ស័យម្នាក់ភេទប្រុសដែលមកសួរសុខទុក្ខ និងផ្ញើអីវ៉ានឱ្យជនជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន តែត្រូវមន្រ្តីអនុរក្សពន្ធនាគារខេត្តឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០១កញ្ចប់ដែលលាក់ក្នុងជើងគោនិងនំបម្រុងនាំចូលទៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។

សមត្ថកិច្ចនគរបាលជំនាញបានបន្តថា នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការសាកសួរចម្លើយទៅពិរុទ្ធជនម្នាក់ឈ្មោះ ឃិន ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន និងជនសង្ស័យម្នាក់ចប់សព្វគ្រប់រួចហើយ លោកប្រធានពន្ធនាគារខេត្តប៉ៃលិនបានប្រគល់ជនសង្ស័យម្នាក់ព្រមទាំងវត្ថុតាង ដែលមន្រ្តីអនុរក្សពន្ធនាគារឆែកឆេររកឃើញប្រគល់ទៅឱ្យកម្លាំងជំនាញ យើងទទួលលទ្ធផលមានដូចខាងក្រោម៖

ក-ជនសង្ស័យម្នាក់៖

១-ឈ្មោះ ឃិន ង៉ោល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

សមត្ថកិច្ចជំនាញបានបន្តទៀតថា លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលគឺវិជ្ជមាន(+)មានសារធាតុញៀនខុសច្បាប់ក្នុងខ្លួនរួមនឹងវត្ថុតាង សម្ភារៈដែលមន្រ្តីពន្ធនាគារប្រគល់ឱ្យរួមមាន៖

– ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE)០១កញ្ចប់។

-ទូរស័ព្ទចំនួន០៣គ្រឿង។

-ម៉ូតូ០១គ្រឿង(ចាស់)

ក្នុងករណីខាងលើកម្លាំងជំនាញយើងបានទទួលជនសង្ស័យព្រមទាំងវត្ថុតាងដកហូតមកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ចំណែកពិរុទ្ធជនម្នាក់នេះគឺកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តប៉ៃលិន៕

ដោយ៖ ស សារ៉េត


ចែករំលែក៖