ខេត្តពោធិ៍សាត់ ៖ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ជាបឋម នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើរពុំមានអ្នកស្លាប់នោះទេ គឺមានអ្នករងរបួសស្រាលធ្ងន់ចំនួន០៥នាក់ ហើយប្រជាពលរដ្ឋនិងស្ថាប័នមានសមត្ថកិច្ចបានជួយធ្វើអន្តរាគមន៍រួចរាល់ហើយ នៅឡើយតែរថភ្លើងនិងរថយន្តនៅគាបជាប់គ្នានៅឡើយ។
លោកអធិការបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនឹងរថយន្តក្រុងដឹកអ្នកដំណើរខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវដែក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកបញ្ជាក់បន្ថែមថា ហេតុការណ៍ខាងលើនេះ បានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលគាបគាប់ជាប់តែម្ដង ។
លោកបញ្ជាក់បន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ កត្តាសំខាន់យើងជួយជនរងរបួសសិន។
សូមមិត្តអ្នកអាន រង់ចាំអានព័ត៌មានលម្អិត៕
ដោយ៖ ប៉ឹម ពិន