ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជាបានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមមូលបទអាស៊ី និងពិភពលោក «បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ បានគូសបញ្ជាក់ពីសារសំខាន់ នៃ ការទទួលខុសត្រូវរួមរបស់ប្រទេសនៅក្នុងតំបន់អាស៊ីក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ផ្តោត លើគោលការណ៍ពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ដើម្បីធានាដល់ការអភិវឌ្ឍនាពេលអនាគត និងវិបុលភាពរួម សម្រាប់ប្រទេសនៅក្នុងតំបន់ ស្របពេលដែលត្រូវបន្តធ្វើសមាហរណកម្មឱ្យកាន់តែស៊ី ជម្រៅ និងជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងការកាត់ផ្តាច់ និងការធ្វើឱ្យមានការរាំងស្ទះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប អាស៊ីនៅតែជាតំបន់មួយ ដែលសម្រេចបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាគំរូនៃកំណើន និងការអភិវឌ្ឍ ក្នុងការជួយឱ្យប្រជាជាតិដទៃទៀតមានវិបុលភាព ការខាតបង់ដល់ប្រទេសដទៃ។
ក្នុងពេលចូលរួមវេទិកាខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សា ជាមួយ ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។ ភាគីទាំងពីរ បានរំលឹកពីទំនាក់ទំនងមិត្តភាពដែកថែប និងឯកភាពផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រលើវិស័យអាទិភាពទាំង០៦។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ លើសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ និងបញ្ជាក់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបាន ពេញលេញនូវការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងច្រករបៀងអង្ករ និងមច្ឆា ក្នុងពេលដែលប្រទេសចិន កំពុងចាប់ផ្តើមដំណើរការថ្មី នៃការតភ្ជាប់អន្តរកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ភាគីចិន បានឯកភាពជំរុញក្រុមហ៊ុនវិនិយោគចិនឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាលើវិស័យសំខាន់ៗ និង នាំចូលកសិផលកម្ពុជា។ ឯកឧត្តម ចាវ ឡីជី បានអបអរសាទរកម្ពុជាក្នុងការរៀបចំការបោះឆ្នោត ព្រឹទ្ធសភាដោយរលូន និងជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ សម្តេចតេជោ បានទទួលជ័យជំនះដ៏ត្រចះត្រចង់។ ចិននឹងបន្តគាំទ្រកម្ពុជាតាមមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ ឯកឧត្តមក៏បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅក្នុងពេលឆា ប់ៗខាងមុខ និងអញ្ជើញ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាខែមិថុនា ខាងមុខនេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម ហ្នឹង ហ្វី លេខាធិការ នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តក្រៃ លែងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានលើកកម្ពស់នៅក្នុងឆ្នាំ នៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន នេះ ហើយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្ត ហៃណាន និងកម្ពុជា។ ដោយខេត្តហៃណានទទួលបានទេសចរក្នុងស្រុក និងក្រៅប្រទេសជាង ៩០ លាន នាក់ ក្នុងឆ្នាំ២០២៣ ឯកឧត្តម ហ្នឹង ហ្វី ក៏បានសន្យាជំរុញទេសចរចិន និងទេសចរបរទេស ដែលបានមក ទស្សនានៅខេត្តហៃណានឱ្យបន្តមកកម្ពុជា។ ដោយសារតែកម្ពុជា និងខេត្តហៃណានមានអាកាសធាតុ និង ស្ថិតនៅក្នុងតំបន់ត្រូពិចដូចគ្នា ភាគីទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរ ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យកសិកម្ម។ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះខេត្តហៃណាន ជាពិសេសបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា និងនិស្សិតកម្ពុជាលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកសិកម្ម នៅតំបន់ត្រូពិច។
ក្រៅពីកិច្ចប្រជុំទ្វេភាគី សម្តេចតេជោ បានទទួលជួបសម្តែងការគួរសមដោយ លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាអនុប្រធានទូទៅ ទូរគមនាគមន៍ចិន។ លោក ឈិន ចុង សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រាំទ្រការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកបដោយជោគជ័យ និងដំណើរការដោយ រលូន។ លោកក៏បានជម្រាបជូន សម្តេចតេជោ អំពីការអភិវឌ្ឍគម្រោងមួយចំនួនទៀត រួមមាន ផ្លូវល្បឿន លឿនភ្នំពេញ-បាវិត និងការសិក្សាសមិទ្ធិលទ្ធភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និង សៀមរាប-ប៉ោយប៉ែត និងព្រែកជីកហ្វូណនតេជោ។ ដោយឡែក ការសិក្សាសមិទ្ធិលទ្ធភាពនៃផ្លូវជាតិលេខ ៥០C តភ្ជាប់ខេត្តកំពង់ធំ និងកំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីកំពតទៅវាលរេញបានសិក្សា រួចហើយ។ សម្តេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមានតួនាទីសំខាន់ក្នុងការជួយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។
សម្តេចតេជោ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស អំពីការពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការ ដោះមីន។
ក្នុងឱកាសស្នាក់នៅខេត្តហៃណាន សម្តេចតេជោ ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យ សភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិវិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា៕
ដោយ៖ ស តារា