ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង​ ស្តីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជា​ វិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា ឆ្លើយតបតាមសំណូមពររបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច ផ្លូវការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីជួយសម្រួលដល់ការវិលត្រលប់ មកស្រុកកំណើតរបស់ពលករកម្ពុជា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាន អនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន សូមបងប្អូនពលករកម្ពុជាអនុវត្តតាមចំណុចដូចខាងក្រោម៖

ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ

ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD និងមានទិដ្ឋាការ ការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការ អនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit)

ត្រូវធ្វើដំណើរចូលប្រទេសថៃវិញ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ករណីធ្វើដំណើរ ចូលប្រទេសថៃក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទិដ្ឋាការការងារ (Non-Immigration A Visa) របស់បងប្អូនពលករកម្ពុជានឹងអស់សុពលភាព។

បន្ថែមលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយអគ្គនាយកដ្ឋា អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា/អនុព័ន្ធ ការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត ស្រះកែវ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលជូនបងប្អូនពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកស្ថានទូតព្រះរាជាណាចក្រកម្ពុជា/អនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈទូរស័ព្ទលេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៦២ ០៨៩ ៨៩១៨ និង +៦៦ ៩២ ២៩៩ ០១៣៣ ឬមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬលេខទូរស័ព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍ តាមតំណភ្ជាប់ https://t.me/KhmerMigrant Worker។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនពរដល់បងប្អូនពលករកម្ពុជា ធ្វើដំណើរប្រកបដោយ សុខសុវត្ថិភាពពីតំបន់ផ្សេងៗនៃប្រទេសថៃមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងពីព្រំដែនកម្ពុជាទៅស្រុក កំណើត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស បងប្អូនពលករកម្ពុជាដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយការទទួល ខុសត្រូវខ្ពស់។៕ 

ដោយ ៖ សិលា


ចែករំលែក៖