ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ និងជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ! 

សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ជាបឋម រូបខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការ ចំពោះ សម្តេចវិបុលសេនាភក្តី ក្នុងឱកាស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៤/២៨៩ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះ ខ្ញុំសូមគោរពថ្លែងនូវការសរសើរដោយសុទ្ធចិត្តបំផុតចំពោះ សម្តេចវិបុលសេនាភក្តី ដែលតាំងពីអតីតកាលរហូតបច្ចុប្បន្ន តែងតែបានបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញា ស្មារតី និងការធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ជាពិសេសបន្តធានាការពារ សន្តិភាព ស្ថិរភាពសង្គមជាតិ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ព្រមទាំងលើក ស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

រូបខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យសិរីសួស្តីមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី ព្រមទាំង ក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចវិបុលសេនាភក្តី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីរូបខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖