ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយមន្រ្តីនគរបាល បានពិនិត្យ និងផ្សព្វផ្សាយ ធ្វើការណែនាំដល់អាជីវករលក់ត្រីផ្សារក្រចេះ មិនអនុញ្ញាតឲ្យទិញលក់ត្រី និងធនធានជលផលទឹកសាបទាំងឡាយណា ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនោះឡើយ! ការចុះណែនាំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។
សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ក៏បានកើតឡើង ក្រោយពេលថ្មីៗនេះ លោក ខៀវ កាញារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពុងចាម បានបង្ហោះនៅលើហ្វេសបុករបស់លោក នូវសារ និងរូបភាពត្រីបបែលរបស់ពលរដ្ឋម្នាក់ផ្ញើជូនគាត់ ដែលត្រូវបានអាជីវករទិញមកដាក់លក់នៅក្នុងផ្សារ!
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពេលចុះមូលដ្ឋានក្រចេះ លោកតែងប្រលែងត្រី ដែលងាយរងគ្រោះជិតផុតពូជ ចូលក្នុងទន្លេវិញ ។
៥ថ្ងៃមុនលោករដ្ឋមន្ត្រីបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះខួបកំណើតកូនស្រី នេត្រ នីរី វិជិតា គម្រប់អាយុ ១១ ឆ្នាំចូល ១២ ឆ្នាំ, ខ្ញុំបានលែងត្រី ១ គូចូលក្នុងដងទន្លេមេគង្គទីរួមខេត្តក្រចេះ ដើម្បីផ្តល់បុណ្យកុសល និងសុំឱ្យកូនស្រីចម្រើនវ័យប្រកបដោយសុខភាពល្អ បញ្ញាឈ្លាសវៃ ប្រកបដោយសីលធម៌ គុណធម៌ និងពោរពេញដោយសុភមង្គល និងចម្រុងចម្រឿនតរៀងទៅ។
លោករដ្ឋមន្ត្រីបានរៀបរាប់ថា ៖ ជូនបងប្អូនបានស្គាល់នេះជាត្រីក្របីដែលប្រជានេសាទបានពីដងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ។
ត្រីក្របីធំ ឈ្មោះវិទ្យាសាស្ត្រ (Bagarius yarrelli) ត្រូវបានគេពិពណ៌នាថា មានដើមកំណើតពីទន្លេ មូថា មូឡា (Mutha Mula River) ក្នុងប្រទេសឥណ្ឌា។ ត្រីប្រភេទនេះ អាចមានប្រវែងដងខ្លួនអតិបរមាដល់ទៅ ២០០ ស.ម។ ត្រីក្របីធំ ធ្វើចរាចរផ្លាស់ទីជាហ្វូង តាមពពួកសត្វផ្សេងៗ ដែលវាអាចចាប់ធ្វើជាចំណីបានដូចជា កំពឹស ត្រីតូចៗ និងពពួកសត្វល្អិតដែលរស់ក្នុងទឹក។ ប៉ុន្តែ មានមួយចំនួន បានធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើជាមួយត្រីគល់រាំង (Catlocarpio siamensis) ផងដែរ។ ត្រីក្របីធំ ពង-កូនក្នុងទន្លេ ទីដែលវារស់នៅ។ វាត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatend) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីដែលងាយរងគ្រោះ ដែលនឹងអាចឈានទៅការផុតពូជ។ ការបំផ្លាញទីជម្រកពីសំណាក់មនុស្ស បម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងពីពពួកមច្ឆជាតិផ្សេងៗ ទៀត បានធ្វើឲ្យចំនួនត្រីក្របីធំក្នុងទន្លេ មានការធ្លាក់ចុះយ៉ាងខ្លាំង៕
ដោយ ៖ សិលា