ព័ត៌មានទាន់ហេតុការណ៍៖

វិមានក្រឹមឡាំងបាននិយាយក្រោយការប្រកាសចរចារបស់ប្រធានាធិបតីអ៊ុយក្រែន

ចែករំលែក៖

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយចេញអំពីលក្ខខណ្ឌចរចា ដែលលើកឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
យោងតាម RT នៅពេលធ្វើអត្ថាធិប្បាយអំពីទស្សនវិស័យសម្រាប់ការចរចាសន្តិភាព លោក Peskov បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវតែគិតគូរពីការណ៍ពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។
នៅសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CBS News ថា ការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ 1991 មិនមែនជាតម្រូវការជាមុនទេនៅពេលចរចាជាមួយរុស្ស៊ី ប៉ុន្តែនៅពេលជាមួយគ្នានោះបានបញ្ជាក់ថា ទីក្រុងគៀវត្រូវតែដណ្តើមយកទឹកដីដែលបាត់បង់មកវិញ។
នៅឆ្នាំ 2022 នៅកណ្តាលជម្លោះ ភាគីរុស្ស៊ីបានប្រកាសជាឯកតោភាគីនូវការបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនគឺតំបន់ Donetsk, Lugansk, Kherson និង Zaporozhye ចូលទៅក្នុងទឹកដីរុស្ស៊ី។ បើតាមភាគីរុស្ស៊ី ការប្រកាសនេះធ្វើឡើងក្រោយការធ្វើប្រជាមតិជាសាធារណៈ។
ព្រឹត្តិការណ៍នេះក៏បណ្តាលឱ្យលោក Zelensky ហាមឃាត់រាល់ការចរចាជាមួយថ្នាក់ដឹកនាំបច្ចុប្បន្នរបស់រុស្ស៊ី ដោយផ្តោតលើការអំពាវនាវឱ្យដកកងកម្លាំងម៉ូស្គូទាំងអស់ចេញពីទឹកដីខាងលើ។ ភាគីរុស្ស៊ីរក្សាឆន្ទៈក្នុងការចរចា ប៉ុន្តែជឿថា ការគិតរបស់លោក Zelensky គឺ “ឆ្ងាយពីការណ៍ពិត”។
ធ្វើអត្ថាធិប្បាយបន្ថែមលើសេចក្តីថ្លែងការណ៍របស់លោក Zelensky លោក Peskov បាននិយាយតាមវិទ្យុ RIA Novosti កាលពីថ្ងៃទី 30 ខែមីនាថា ការណ៍ពិតភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពី “យុទ្ធនាការយោធាពិសេស” របស់រុស្ស៊ី រួមទាំងព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakhakova បាននិយាយថា ការផ្លាស់ប្តូរជំហររបស់ប្រធានាធិបតីអ៊ុយក្រែន គឺដោយសារតែគាត់មានការព្រួយបារម្ភ។
កន្លងមក ការអត្ថាធិប្បាយទាក់ទងនឹងសមត្ថភាពចរចាររបស់លោក Zelensky ត្រូវបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ដោយនិយាយថា ក្រុងគៀវអាចទំនាក់ទំនងជាមួយទីក្រុងមូស្គូបាននៅពេលណាមួយបន្ទាប់ពីសន្និសីទកំពូលនៅប្រទេសស្វីសនៅឆ្នាំនេះ ដែលជាព្រឹត្តិការណ៍មួយដែលរុស្ស៊ីបាននិយាយ នឹងមិនចូលរួមឡើយ ទោះបីជាត្រូវបានអញ្ជើញជាផ្លូវការក៏ដោយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Tass)


ចែករំលែក៖