ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ជនសង្ស័យជាភេរវករទាំងអស់

ចែករំលែក៖

រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ភ្លាមៗនូវជនសង្ស័យទាំងអស់ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មនាពេលថ្មីៗនេះ រួមទាំងប្រធានសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Vasily Malyuk ផងដែរ។
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងការបរទេសរុស្ស៊ីបានស្នើជាផ្លូវការឱ្យអ៊ុយក្រែនប្រគល់អ្នកទាំងអស់ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មសំដៅលើប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារនៅសាលមហោស្រព Crocus ផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា “យើងស្នើឱ្យអាជ្ញាធរអ៊ុយក្រែនចាប់ខ្លួនភ្លាមៗ និងធ្វើបត្យាប័នជនសង្ស័យទាំងអស់ដែលទីក្រុងម៉ូស្គូកំណត់ថាមានជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្ម។ ឧប្បត្តិហេតុដ៏រន្ធត់នៅទីក្រុង Crocus មិនមែនជាឧប្បត្តិហេតុភេរវកម្មតែមួយគត់ដែលផ្តោតលើប្រទេសរុស្ស៊ីនាពេលថ្មីៗនេះទេ។ ភាគី Kiev ក៏ត្រូវបញ្ឈប់ការគាំទ្រកងកម្លាំងដែលពាក់ព័ន្ធផងដែរ”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលាតត្រដាងថា ការស៊ើបអង្កេតដែលធ្វើឡើងដោយអាជ្ញាធររុស្ស៊ីបង្ហាញថា អ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មលើរោងមហោស្រព Crocus City Hall កាលពីថ្ងៃទី 22 ខែមីនា។ ក្រៅពីឧបទ្ទវហេតុនៅជាយក្រុងម៉ូស្គូ ក្រសួងការបរទេសរុស្ស៊ីក៏បានលើកឡើងអំពីការធ្វើឃាតអ្នកសរសេរប្លុកយោធា Maksim Fomin ការទម្លាក់គ្រាប់បែកលើស្ពាន Crimean និងការវាយប្រហារនៅតំបន់ Belgorod ។
បញ្ជីឈ្មោះជនសង្ស័យដែលទីក្រុងមូស្គូបានស្នើឱ្យក្រុងកៀវប្រគល់រួមមាន ឧត្តមសេនីយ៍ Vasily Malyuk – មេដឹកនាំសេវាសន្តិសុខអ៊ុយក្រែន (SBU) ។ លោក Malyuk គឺជាអ្នកដែលបានទទួលស្គាល់ថាអ៊ុយក្រែននៅពីក្រោយការវាយឆ្មក់សំដៅលើស្ពាន Crimean។
ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា “ការបំពានរបស់អ៊ុយក្រែនលើអនុសញ្ញាប្រឆាំងអំពើភេរវកម្មមានន័យថា ប្រទេសនេះត្រូវតែទទួលខុសត្រូវស្របតាមបទប្បញ្ញត្តិច្បាប់អន្តរជាតិ”។
ខាងអ៊ុយក្រែន អ្នកតំណាង SBU បាននិយាយថា សំណើរបស់ទីក្រុងម៉ូស្គូ គឺ “គ្មានន័យ” ។ លើសពីនេះ ក្រុងគៀវក៏បានបដិសេធរាល់ការចោទប្រកាន់ដែលថាអ៊ុយក្រែនបានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ភេរវកម្មនៅសាលាក្រុង Crocus ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖