ក្រុមហង្សក្រហម Liverpool បានឡើងមកឈរកំពូលតារាង Premier League វិញ បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah រកបាន១គ្រាប់ក្នុងជំនួបជាមួយក្រុមភ្ញៀវ Brighton ធ្វើឲ្យលទ្ធផលក្រុមហង្សក្រហមឈ្នះ២ទល់១ ក្រោយពីក្រុមខ្លាំងទាំងពី២គឺ Manchester City និង Arsenal បានស្មើ០ទល់០។
ការទទួលជ័យជម្នះលើក្រុម Brighton នៅកីឡដ្ឋាន Anfield អាចបង្ហាញពីសារៈសំខាន់ជាមួយនឹងគូប្រជែងដណ្តើមពានរង្វាន់របស់ក្រុមហង្សក្រហមក្នុងការប្រកួតកាលពីថ្ងៃអាទិត្យដែលជាការប្រកួតក្នុងសប្តាហ៍ទី២៩នៅ Premier League។
Liverpool ត្រូវបានក្រុមភ្ញៀវនាំមុខនៅនាទីទី២ ប៉ុន្តែនៅនាទីទី២៧ កីឡាករLuis Diaz រកបានគ្រាប់បាល់តាមស្មើវិញ ហើយបានវាយបកវិញដើម្បីឈ្នះ ២–១ និងឡើងពីលើក្រុម Arsenal។
Liverpool មាន៦៧ពិន្ទុជាមួយនឹងការប្រកួតចំនួន៩ជុំដែលនៅសល់ ខណៈដែលក្រុម Arsenal ដែលមានគ្រាប់បាល់ច្រើនជាងគេគឺស្ថិតនៅលេខ២មាន៦៥ពិន្ទុជាមួយនឹង Man City មាន៦៤ពិន្ទុនៅឈរលេខ៣។
ខ្សែប្រយុទ្ធក្រុម Brighton កីឡាករ Danny Welbeck បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ស្រឡាំងកាំងដោយការទាត់បាល់បញ្ចូលទីក្រោយពីលេងបានតែ២នាទីប៉ុណ្ណោះ។ Liverpool បានវាយបកយ៉ាងខ្លាំង ហើយចាប់ផ្តើមគ្រប់គ្រងបាល់បានល្អ ដោយ Luis Diaz បានស៊ុតបាល់តាមស្មើយ៉ាងល្អក្នុងតង់ទី១។
ខ្សែប្រយុទ្ធជួរមុខ Salah ដែលបានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីនោះ បានខកខានឱកាសជាច្រើន ប៉ុន្តែនៅទីបំផុតបានរកគ្រាប់បាល់បញ្ចូលទីបានសម្រេច នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីការបញ្ជូនរបស់ Alexis Mac Allister នៅនាទីទី៦៥។
ក្រុមម្ចាស់ផ្ទះគិតថាពួកគេទទួលបានគ្រាប់បាល់បន្ថែមទៀត នៅពេលដែល Diaz បានបំប៉ោងសំណាញ់ទីនៅនាទីទី៧៣ ប៉ុន្តែការប្រឹងប្រែងរបស់គាត់ត្រូវបានច្រានចោលដោយវីដេអូជំនួយអាជ្ញាកណ្តាល (VAR)។
អ្នកចាំទី Lewis Dunk របស់ Brighton បានចូលមកជិតបំផុតដើម្បីដណ្តើមបានលទ្ធផលស្មើសម្រាប់ក្រុមភ្ញៀវ ដោយឃើញការស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ ត្រូវបានសង្គ្រោះដោយអ្នកចាំទីម្ចាស់ផ្ទះ Caoimhin Kelleher ជាប់ៗគ្នា។
ចំណែកក្រុម Manchester City និង Arsenal បានផ្តល់ឱ្យ Liverpool នូវគុណសម្បត្តិនៅក្នុងការប្រណាំងប្រជែងដណ្តើមពាន Premier League ខណៈដែលពួកគេបានលេងត្រឹមលទ្ធផលស្មើគ្នា០ទល់០នៅឯកីឡដ្ឋាន Etihad ។
នេះគឺជាការប្រកួតដែលធ្វើឱ្យក្រុមទាំង៣កំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅលើកំពូលតារាងគិតត្រឹមសប្តាហ៍ទី២៩នេះ។ ក្រុមទាំង២មានឱកាសរកគ្រាប់បាល់ដូចគ្នានៅពេល Nathan Ake មានការតែតបាល់ចូលពីចម្ងាយដំបូងដែលត្រូវបានសង្គ្រោះដោយអ្នកចាំទី David Raya របស់ Arsenal ខណៈដែល Gabriel Jesus អតីតខ្សែប្រយុទ្ធរបស់ Man City ក៏មានឱកាសដែរជាមួយនឹងការបញ្ជូនបាល់របស់ Bukayo Saka តែនៅតែមិនអាចរកគ្រាប់បាល់បញ្ចូលទីបាន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)