ខេត្តសៀមរាប៖ ភ្ញៀវទេសចរបរទេសជាង ៣៤ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនារយៈពេល ៣ ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ១៦ លានដុល្លារ កើនឡើងជាង ៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ៣៧៤ ៥៣៤ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៤៧,០៥ ភាគរយ បើធៀបឆ្នាំ ២០២២ ខណៈថវិកាដែលប្រមូលបានពីការលក់សំបុត្រសរុប ១៦ ៥៣៣ ២៩៣ ដុល្លារ កើនឡើង ៤៨,៤៧ ភាគរយ។
បេីតាមការបញ្ជាក់ពីប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី បានឱ្យដឹងនៅថ្ងៃទី០១ ខែមេសានេះថា ចំនួនភ្ញៀវទេសចរបានកើនឡើងវិញចាប់តាំងពីខែមករា ដើមឆ្នាំនេះ ដោយសារទេសចរនៅអឺរ៉ុបចូលចិត្តដើរលេងអំឡុងពេលដំណាច់ឆ្នាំ ដោយសារទីនោះអាកាសធាតុត្រជាក់ ម្យ៉ាងទៀតទេសចរនោះជ្រើសរើសប្រទេសដែលមានសុវត្ថិភាព និងប្រទេសដែលមានវប្បធម៌ សេវាកម្មល្អ ចំណីអាហារឆ្ងាញ់ ប្រជាជនរាក់ទាក់។
លោកប្រធានសមាគមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរកម្ពុជានៅតិចតួចនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាង ប៉ុន្តែទេសចរបរទេសចាប់ផ្ដើមកើនឡើងវិញបណ្ដើរៗហើយ ឱ្យតែយើងរៀបចំប្រទេសឱ្យស្អាត ចំណីអាហារមានអនាម័យ។
សូមជម្រាបថា កាលពីឆ្នាំ២០២៣កន្លងទៅ គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសបាន ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ ភាគរយ។
របាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីដើមឆ្នាំនេះ បង្ហាញថា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ចំណែកទីផ្សារទេសចរសំខាន់ៗរបស់កម្ពុជា រួមមានប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អង់គ្លេស និងបារាំងជាដើម៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច