ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ៖​ នឹងមានគោជិត ៥០នឹម ចូលរួមប្រណាំងរទេះសាឡីគោលឿន នៅចុង​សប្ដាហ៍នេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ បានឱ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ធ្វើឡើង​ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយ​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ស្រប​តាម​បរិបទ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែល​បុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។​ លោកបន្តថា​ ក្នុងឆ្នាំនេះ យើងមានគោ ចំនួន​៤៦​នឹម ក្នុងនោះគោធំចំនួន១៩នឹម និងគោតូច ចំនួន២៧នឹម មកពីខេត្តកំពង់ស្ពឺ២៤នឹម ខេត្ត​កណ្តាល ១៦នឹម ខេត្តកំពង់ចាម ២នឹម និងរាជធានីភ្នំពេញ ៤នឹម ដែលមក​ចូល​រួម​ក្នុង​ការ​ប្រណាំង​រទេះ​សាឡីគោលឿន ឆ្នាំ២០២៤ខាងមុខនេះ។ ហើយការប្រណាំងនេះ ក៏ជាលើកទី១០ ដែល​មនី្ទរវប្បធម៌ បានសហការជាមួយសមាគមគោរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ។

លោកប្រធាន​មន្ទីរ​រូបនេះ​ បានឱ្យដឹងទៀតថា​ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ គឺមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្ត សហការជាមួយស.ស.យ.ក ខេត្ត និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ នឹ​ង​ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែ​មេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ បន្ថែមថា​ ក្នុងនាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹង​មាន​បង​ប្អូន​ចូល​រួម​ទស្សនា​ពិធី​ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ។

គួរបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើ​ប្រាស់​សម្រាប់​តែ​ដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួម​ក្នុង​ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើម គំនិត បង្កើត​ពិធី​ប្រណាំង​រទេះ​សាឡី​គោ​នេះ​នៅ​តាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យ​ចូ​លឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹងឈានចូលមកដល់៕

ដោយ​៖ តារា​


ចែករំលែក៖