ខេត្តបន្ទាយមានជ័យ៖ ដូចពាក្យស្លោកថា ឈាមស្រែកស្បែកហៅ ឃាតកម្នាក់ បានធ្វេីសកម្មភាពបាញ់សម្លាប់ជនរងគ្រោះម្នាក់រួចប្លន់យកប្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហេីយបានព្យាយាមរត់គេចខ្លួន០២ថ្ងៃក្រោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០២៤។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ចន្លោះម៉ោង២០ ទៅម៉ោង២១យប់ មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា(ប្រើប្រាស់អាវុធកែច្នៃបាញ់សម្លាប់ជនរងគ្រោះយកប្រាក់)នៅចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវនឹងបានបំភ្លឺឈ្មោះរុន ចាន់ធីម ភេទស្រីអាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា:មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះបានដើរលបមកសំងំចាំមុខទ្វារផ្ទះ (ទ្វារក្រោយ)ហើយបាញ់សម្លាប់ប្ដីរបស់ខ្លួនឈ្មោះ ឌី សៀងហៃ អាយុ៣៨ឆ្នាំ ខណៈដែលប្ដីរបស់ខ្លួនបានទៅអើតមើលទ្វារក្រោយ បន្ទាប់មកជននោះក៏បានស្ទុះឡើងមកក្នុងផ្ទះតាមទ្វារក្រោយដដែលដោយកាន់ជាប់ដៃមកនូវអាវុធកែច្នៃដងឈើដោយមានស្ពាយសម្ភារ:ជាប់ខ្លួនរយីងរយោងដូចជាពិលកែវឆ្លុះនឹងពីដុងទឹកជាដើម ដោយខ្លួនចាំច្បាស់ថាជននោះបានពាក់ទ្រនាប់ជើងប៉ាតាចងខ្សែពណ៌កាហ្វេ ហើយបានសម្លុតខ្លួនយកកាបូបប្រាក់ដោយក្នុងកាបូបនោះមានប្រាក់ខ្មែរចំនួន៣០ម៉ឺនរៀលគត់ ហើយជននោះបានលោតចេញតាមទ្វារក្រោយគេចខ្លួនបាត់ទៅ។
បន្ទាប់ពីបានបំភ្លឺប្រពន្ធជនរងគ្រោះចប់យើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៣១.០៣.២០២៤ ដោយមានការចង្អុលបង្ហាញពីឈ្មោះ រុន ចាន់ធីម ភេទស្រីអាយុ៤៤ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះ នឹងមានការចង្អុលបង្ហាញពីសាក្សីប្រជាពលរដ្ឋ,ប្រជាការពារ នឹងលោកមេភូមិនិងមានរបាយការណ៍របស់លោកមេភូមិភ្ជាប់មកជាមួយស្រាប់យើងបាននាំខ្លួនឈ្មោះ ខន មិត្ត ភេទប្រុសអាយុ៤១ឆ្នាំមកធ្វើការសាកសួរនិងបន្តស្រាវជ្រាវឆែកឆេររកឃើញបំណែកអាវុធកែច្នៃមាន(កាណុងដែកនិងបំណែកដងឈើនៃអាវុធកែច្នៃ)និងរកឃើញទ្រនាប់ជើងដែលមានភិនភាគតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះដែលឈ្មោះខន មិត្ត កំពុងពាក់ជាប់នៅជើង។
បន្ទាប់មកកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនឈ្មោះខន.មិត្ត ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិម៉ក់ហឺន.ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង៤៣នាទីនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែមេសានេះ កម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅអយ្យការបន្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ ៖ វណ្ណា