ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាបជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត» រយៈពេល ៤ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាស ជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក៏ដូចជា ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “ឆ្នាំទស្សនាសៀមរាប ២០២៤” រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ “សៀមរាបសង្ក្រាន្ត” ព.ស.២៥៦៧-២៥៦៨ គ.ស.២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី។ល។

រដ្ឋបាលខេត្តសៀមរាប មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អញ្ជើញចូលរួមទស្សនាកម្សាន្តសប្បាយឱ្យបានច្រើនកុះករ៕

ដោយ ៖ សិលា


ចែករំលែក៖