ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់ភ្លាមៗនឹងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូពីក្រោយ

ចែករំលែក៖

ខេកត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តបែនដឹកដីបុកម៉ូតូពីក្រោយនៅត្រង់ចំណុចភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍គ្រោះថ្នាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ៣៨-៣៩ ។

សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុមានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកោះកុង 3A-0656 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( រត់គេចក្រោយពេលកើតហេតុ ) បើកបរពីទិសខាងលិចទៅទិសខាងកើត ។

លុះមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-8973 អ្នកបើកបរឈ្មោះ ហឿន ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)ឌុបឈ្មោះ ហៃ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់)អ្នកទាំង២នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពុងបើកបរស្របគ្នា។

សមត្ថកិច្ចបានបន្តថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំង២គ្រឿងបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖