ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវិមានព្រឹទ្ធសភា, ព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា៖ សមាជិកព្រឹទ្ធសភាទាំងអស់ មានសរុប៦២រូប ក្នុងនោះ៥៨រូប បានបោះឆ្នោតជាលក្ខណៈអសកល ចំណែកសមាជិកចំនួន២រូប តែងតាំង ដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងថា ៖ យោងតាមព្រះរាជសារកោះប្រជុំរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា បានប្រារព្ធពិធីបើក សម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នេះ នៅវិមានព្រឹទ្ធសភា៕
ដោយ ៖ សិលា