ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតអបអរសាទរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ បានតស៊ូពុះពារលះបង់ដ៏ធំធេង ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លាមោះមុតបំផុត រហូតដល់ ហ៊ានប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ នាំមកជូនប្រទេសជាតិ និងប្រជាជននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។ ក្នុងការដឹកនាំប្រទេសជាតិដ៏ប៉ិនប្រសប់និងឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតនិងបញ្ញាញាណដ៏ភ្លឺស្វាងរបស់ សម្តេចតេជោ ក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ ប្រទេសកម្ពុជាត្រូវបានស្ដារ កសាង និងអភិវឌ្ឍពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពឥតឈប់ឈរលើគ្រប់វិស័យ គួរឱ្យគោរព កោតស្ញប់ស្ញែង ហើយបាននិងកំពុងដើរតួនាទីដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភា នីតិកាលថ្មី ដែលមាន សម្តេចតេជោ ជាប្រធាន នឹងបន្តដើរតួនាទីកាន់តែសកម្ម ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិក្នុងក្របខ័ណ្ឌ តំបន់និងពិភពលោក និងជាកាតាលីករមិនអាចខ្វះបានក្នុងការរុញច្រានកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕
ដោយ ៖ សុខ ខេមរា