ព័ត៌មានទាន់ហេតុការណ៍៖

សូមឈ្មួញកុំរកសុីដោយគំនិតទុច្ចរិត ! សមត្ថកិច្ចចម្រុះ ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប និងដុតបំផ្លាញសាច់មាន់ខូចគុណភាពជាង ៣តោន ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គួរមានច្បាប់ ក្នុងកម្រិតណាមួយ ដើម្បីផ្ដន្ទាទោស ទៅលើក្រុមឈ្មួញទុច្ចរិត ដែលរកស៊ីមិនស្របច្បាប់ នាំចូលនូវសាច់ដែលគ្មានគុណភាព ចែកចាយក្នុងប្រទេស ដែលបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋនោះ។ នេះជាការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៃប្រជាពលរដ្ឋ។។

ជាក់ស្តែង សាច់មាន់ដែលខូចគុណភាពជាង ៣តោន ត្រូវបានសមត្ថកិច្ចជំនាញចម្រុះយកទៅដុតបំផ្លាញចោល នៅជាយក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់ ៣.១០០គីឡូក្រាម មានដូចជា សាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់។

លោកបានបញ្ជាក់ថា ក្រោយសមត្តកិច្ចចម្រុះដកហូតទំនិញខូចគុណភាពដែលផលិតផលសាច់មាន់ទម្ងន់ជាង ៣តោននេះ ដែលត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តប់ទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់ និងទំនិញ មកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធីច្បាប់ហើយសាច់មានជាង ៣តោននេះ ត្រូវបានដុតកម្ទេចទិចចោល នៅជាយក្រុងសិរីសោភ័ណ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះសមត្តកិច្ចចំម្រុះដែលបានបង្ក្រាបទំនិញខូចគុណភាពមានសាច់មាន់ជាង ៣តោន ត្រូវបានដុតកម្ទេចចោល ហើយត្រូវពង្រឹងការទប់ស្កាត់ឲ្យខាងតែបានចំពោះទំនិញដែលខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋក្នុងការបរិភោគ នាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤នេះ។

ប្រជាពលរដ្ឋគាំទ្រ ចំពោះមន្ត្រីជំនាញសហការ ជាមួយនិងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើសនេះ៕

ដោយ ៖ សិលា


ចែករំលែក៖