ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ នៅក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង មានអគ្គិភ័យមួយកេីតឡេីងដោយបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-Xធ្វេីសកម្មភាពដុតម៉ូតូដែល ជិះនោះចោលបង្កឱ្យមានការភ្ញាក់ផ្អេីល ដល់អ្នកធ្វេីដំណេីរតាមដងផ្លូវ ហេីយភ្លាមៗត្រូវបានធ្វេីការអន្តរាគមន៍ ពន្លត់បានតែម៉ូតូត្រូវខូចខាតស្ទេីរទាំងស្រុង ហេីយក្នុងឧប្បត្តិហេតុនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ អ្នកណាឡេីយ។
នៅពេលកេីតហេតុភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វេីការស្រាវជ្រាវជុំវិញករណីនេះស្វែងរកបុរសដែលធ្វេីសកម្មភាពដុតម៉ូតូនោះហេីយនៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯកឡុង យោធាវីរះ ជាអធិការបានដឹកនាំស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ឈ្មោះទូច សុផាន់ណាហៅភិន អាយុ៣៦ឆ្នាំរស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងនាំមកធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
តាមលទ្ធផលនៃការសាកសួរនេះជនសង័្សយខាងលេីបានឆ្លេីយសារភាពថា នាព្រឹកនោះគឺរូបគេបានធ្វេីសកម្មភាពយកចបកាប់វាយបំផ្លាញទីបូជនីយដ្ឋានសាសនាឬបូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម)នៅក្នុងបរិវេណវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ហេីយពេលវាយបំផ្លាញវត្ថុនៅទីនេះរួច រួបគេបានជិះម៉ូតូខាងលេី មកដល់ចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះរួចគេគេចខ្លួនតែម្តង។
ចំពោះមូលហេតុដែលនាំទៅដល់ការប្រព្រឹត្តិនូវសកម្មភាពបែបនេះរូបគេបានឆ្លេីយសារភាពថា គេបានប្រេីប្រាស់គ្រឿងញៀនក្នុងកម្រិតច្រេីន។
នៅពេលនេះលោកអធិការនគរបាលស្រុកឯកភ្នំបានបញ្ជាក់ថា ការធ្វេីតេស្តស្វែងរកសារធាតុញៀនចំពោះជនសង័្សយខាងលេី បានបង្ហាញថា គេពិតជាមានវិជ្ជមាននៃសារធាតុញៀននៅក្នុងខ្លួនប្រាកដមែន។
យ៉ាងណាក៏ដោយជនសង័្សយរូបនេះ សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។ ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ៖ តារា