ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិវៀតណាមម្នាក់មិនដឹងមានវិបត្តិអ្វីទេបានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១០

ចែករំលែក៖

ភ្នំពេញ៖ នារីជាជនជាតិវៀតណាមម្នាក់បានលោតពីលើអគារជាន់ទី១០ មកក្រោមបណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុដោយពុំទាន់ដឹងថា នារីរូបនេះមានវិបត្តិអ្វីនោះឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ ស្ថិតនៅអគារយីហោអីស្តលេនអឹផាតមិន ពីជាន់ទី១០ នៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ វៀង អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយមិត្តភក្ដិមានគ្នា៣នាក់ នៅបន្ទប់ជាន់ទី១០ អគារកើតហេតុខាងលើ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

    ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុដោយឃើញនារីរងគ្រោះជាជនជាតិវៀតណាមបានទម្លាក់អីវ៉ាន់មួយចំនួនចេញពីមាត់បង្អួចនៃអគារកើតហេតុជាន់ទី១០ ធ្លាក់មកក្រោមចូលមកក្នុងផ្ទះពលរដ្ឋ ក្បែរអគារកើតហេតុ។ ក្រោយមកនារីរងគ្រោះក៏បានលោតមកតាមក្រោយធ្លាក់មកក្រោមបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងមិត្តភក្តិរត់មកមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាមិត្តនារីរងគ្រោះបានឱ្យដឹងថា ដោយនារីរងគ្រោះខាងលើគាត់តែងតែមានជំងឺប្រចាំកាយ និងស្មារតិមិនសូវល្អ ទើបមកដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានបិទទ្វារ និងប្រមូលអីវ៉ាន់មួយចំនួនដាក់នៅក្នុងថង់ទម្លាក់តាមបង្អួចមកក្រោម និងលោតសម្លាប់ខ្លួនមកតាមក្រោយតែម្តងទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចយកខ្សែហ៊ុមព័ទ្ធទីតាំងខាងលើ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព ។ ពេលជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖