ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី ។ នេះបើយោងតាមព្រះរាជសារ ព្រះមហាក្សត្រ ។ 

ព្រះរាជសារ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

– សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម  លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ។

នៅក្នុងឱកាសអវត្តមាននៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង ឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកប ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមសម្តែងនូវអំណរព្រះគុណ និងអរគុណ ជាអនេកប្បការ៕

ដោយ ៖ សិលា


ចែករំលែក៖