ប្រធានាធិបតី Botswana លោក Mokgweetsi Masisi បានគំរាមកំហែងថា នឹង “បញ្ជូន” ដំរីចំនួន 20.000 ក្បាលទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសំណើរបស់ទីក្រុងប៊ែរឡាំងដែលលោកបាននិយាយថានឹងធ្វើឱ្យប្រជាជននៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាន់តែក្រីក្រ។
សារព័ត៌មាន CNN នៅថ្ងៃទី 3 ខែមេសា បានផ្សាយថា ប្រធានាធិបតីនៃប្រទេស Botswana – លោក Mokgweetsi Masisi បានគំរាមកំហែងថានឹងបញ្ជូនដំរីចំនួន 20.000 ក្បាលទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសំណើរបស់ទីក្រុង Berlin ក្នុងការកំណត់ការនាំចូលផលិតផលពីការបរបាញ់ពីទ្វីបអាហ្រ្វិក ។
លោក Masisi បានប្រាប់កាសែតអាល្លឺម៉ង់ Bild ថា “យើងក៏ចង់ផ្តល់អំណោយបែបនេះដល់ប្រទេសអាល្លឺម៉ង់ផងដែរ យើងចង់ឱ្យដំរីដើរដោយសេរី។ ប្រសិនបើអ្នកចូលចិត្តពួកគេខ្លាំងណាស់ សូមទទួលយកអំណោយនេះពីយើង»។
លោក Masisi បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់ និងជាពិសេសក្រសួងបរិស្ថានអាល្លឺម៉ង់ ដែលស្វែងរកការហាមឃាត់ការនាំចូលផលិតផលប្រមាញ់នឹងធ្វើឱ្យប្រជាជននៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាន់តែក្រីក្រ។
យោងតាមលោកប្រធានាធិបតី ការកើនឡើងចំនួនសត្វដំរីកំពុងបំផ្លាញដីកសិកម្មរបស់ប្រទេស Botswana។ ហ្វូងដំរីបានបំផ្លាញទ្រព្យសម្បត្តិនិងផលដំណាំ និងវាយប្រហារមនុស្ស រួមទាំងបុគ្គលិកសន្តិសុខផងដែរ។
កាលពីខែមិថុនាកន្លងទៅ កងកម្លាំងការពារប្រទេស Botswana បានរាយការណ៍ថា ទាហានរបស់ខ្លួនម្នាក់ត្រូវបានជាន់ឈ្លីស្លាប់ដោយសត្វដំរីមួយហ្វូងនៅឯមូលដ្ឋានប្រតិបត្តិការមួយ។ ស្ត្រីជនជាតិអង់គ្លេសម្នាក់ក៏បានស្លាប់ក្នុងឆ្នាំ 2018 នៅពេលដែលនាងត្រូវបានវាយប្រហារដោយសត្វដំរីនៅភាគឦសានប្រទេស Botswana ។
យោងតាមមូលនិធិសត្វព្រៃអាហ្រ្វិក ប្រទេស Botswana គឺជាជម្រកនៃចំនួនសត្វដំរីច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានជាង 130,000 ក្បាលនៅលើទឹកដីរបស់ប្រទេសនេះ។
លោក Masisi បាននិយាយថា ចំនួនសត្វដំរីដែលកំពុងកើនឡើងគឺជាលទ្ធផលនៃការការពារសត្វដំរីជាច្រើនទសវត្សរ៍ ហើយការបរបាញ់គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីគ្រប់គ្រងពួកវា។
ប្រទេស Botswana ពីមុនបានបរិច្ចាគដំរីចំនួន ៨០០០ ក្បាលដល់ប្រទេសជិតខាងនៃប្រទេសអង់ហ្គោឡា។ ប្រទេស Mozambique ត្រូវបានគេរំពឹងថានឹងទទួលបានដំរីរាប់រយក្បាលបន្ថែមទៀត ដែលជាមធ្យោបាយមួយសម្រាប់ Botswana ដើម្បីកាត់បន្ថយចំនួនសត្វដំរីរបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត៖ Getty Images