ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញពីបុស្បុករូបសំណាកលោកតាឌីក្រុងព្រះវិហារ ដែលត្រូវបានកែលម្អសោភណភាព ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ឆ្នាំរោង ) ខាងមុខនេះ។
សមិទ្ធផលទាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយផ្តល់រង្វាន់សម្រាប់ខេត្តណាដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធនៅថ្ងៃយោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្ឃឹមថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងកម្សាន្តសប្បាយរីករាយទាំងអស់គ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខណៈដែលមានអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក បានរៀបចំទីតាំងសម្រាប់រៀបចំកម្មវិធីកម្សាន្តសប្បាយនៅតាមគោលដៅរបស់ខ្លួនបណ្តើរៗផងដែរ។ ខណៈទីវត្តអារាម ក៏បានរៀបចំកម្មវិធីតាមបែបសាសនាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «សូមរៀបចំល្បែងប្រពៃណីឱ្យបានច្រើន បង្កលក្ខណៈ រៀបចំទីកន្លែង រៀបចំសម្ភារៈ ឧបករណ៍អង្គញ់ ចោលឈូង ខ្ញុំឃើញនៅភ្នំពេញ និងខេត្តមួយចំនួនរៀបចំចោលឈូង ឱ្យបានច្រើន ហើយប្រជាពលរដ្ឋយើង ហើយជាពិសេសក្មេងៗគឺចូលរួមលេងឱ្យបានច្រើនទាញព្រ័ត្រ ប្រពៃណី វប្បធម៌របស់យើង។ ជួយជំរុញលេងល្បែងប្រពៃណីយើងឱ្យបានច្រើន ច្នៃប្រឌិតទាំងនៅក្នុង និងនៅក្រៅ»៕
ដោយ ៖ សិលា