ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន​! អាកាសធាតុ​អាចកើនឡើងកម្ដៅដល់ ៤០អង្សា​ អំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

​ភ្នំពេញ​៖​ ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម​ លោក ចាន់ យុត្ថា​ បានថ្លែង​ថា​ ពិភពលោកកំពុង​ទទួលរងឥទ្ធិពល​ពីរលក​កម្ដៅ ដោយសារតែឥទ្ធិពលបាតុភូត​អែល នីណូ(EI Nino) ធ្វើឱ្យកម្ដៅកើនឡើង រួមនឹងកម្ពុជា​ផងដែរ ខណៈប្រទេសជិតខាងដូចជាវៀតណាម ថៃជាដើមក៏ទទួលឥទ្ធិពលកម្ដៅដូចគ្នា។​

មន្ត្រី​ជាន់ខ្ពស់​រូបនេះ​ បានគូសបញ្ជាក់​នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៤យ៉ាង​ដូច្នេះ​ថា៖ ​បាតុតូតនេះ ​នឹងកើតមានរហូតដល់ខែ ឧសភា ទើបមានការថយចុះ ខណៈនៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ៤០ អង្សា ដោយ​លោកបញ្ជាក់ថា ​បើគិតអំពីសីតុណ្ហ​ភាពអប្បរមាមធ្យមមិនដល់កម្រិតនោះទេ ប៉ុន្តែនៅក្នុងមួយថ្ងៃៗ វាមានការឡើងដល់កម្រិតអតិបរមាខ្ពស់បំផុត ជាពិសេសចន្លោះពីម៉ោង ១១ ឬម៉ោង ១២ តំបន់ខ្លះអាចដល់ ៤០ ឬ៤១ ​នៅក្នុងរយៈពេលខ្លីមួយ ហើយនឹងថយចុះវិញ។

គួរជម្រាបជូនថា​ ក្រសួងធនធានទឹក ​កាលពីដើមខែមីនាកន្លងទៅនេះ​ ក៏បាន​ព្រមាន​ពី​ការ​បន្តឡើង​កម្ដៅ​សីតុណ្ហភាព នៅ​រវាងខែ​មីនា​ដល់​ដើម​ខែ​ឧសភា​​ឆ្នាំ២០២៤ ​ដោយសារ​កម្ពុជាបន្ត​រងបាតុ​ភូតសកល​អែលនីណូ(EI Nino)ខ្ពស់​ជាង​៧០​ភាគរយ ចាប់​ពី​ខែ​មីនា​ដល់​ខែ​មេសា ហើយ​ចាប់ពីខែ​ឧសភា​ទៅ​បាតុភូតនេះ​នឹង​ថយ​ចុះ​២០​ភាគរយ។

បាតុភូត EI Ninoធ្វើខ្យល់​ក្តៅ​ ទឹក​​ក្តៅ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជា​។ ផលវិបាក​នៃ​បាតុភូត​អែលនីញ៉ូ នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​​មាន​ភ្លៀង​ច្រើនជ្រុល​ កន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង។

ជាមួយគ្នានេះ​ ក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមថា​ អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត​នេះ​នាំ​ឲ្យ​កើតមាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា៕ 

ដោយ​៖ តារា​


ចែករំលែក៖