ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំសុខាភិបាលជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ នៅក្នុងអាណត្តិទី៧នេះ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏បន្តដើរតួនាទីគន្លឹះ នៅក្នុងកិច្ចការងារដែលត្រូវធ្វើនេះឱ្យកាន់តែល្អប្រសើរផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ការធ្វើកំណែទម្រង់ គឺត្រូវការការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការធ្វើកំណែទម្រង់ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការងារលើការធ្វើកំណែទម្រង់ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈនេះ គឺមានទំហំធំណាស់ ដូច្នេះគឺទាមទារឱ្យមានការឯកភាពគ្នាទាំងចិត្ត និងបេះដូង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេល៧ខែនេះបានខិតខំ និងចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ក្នុងកិច្ចការងារធ្វើកំណែទម្រង់នានា ៕
ដោយ ៖ សិលា