ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។ 

សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីមហាជនក្នុងការកាត់បន្ថយសំរាមម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់ទាញបន្ថែមទៀត  ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់សាលាក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសកម្មភាពសម្អាតសំរាមនៅក្នុងរមណីយដ្ឋានអង្គរ និងរួមចំណែកថែរក្សា លើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕

ដោយ៖ សូរិយា


ចែករំលែក៖