ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ដី១ម៉ឺនហិកតា ត្រូវបានឃ្លុំទុកជាសម្បត្តិរដ្ឋ និងដើម្បីដាំស្តារព្រៃឡើងវិញ ព្រមទាំងបានឃាត់ខ្លួនមនុស្ស ៣២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែ មីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា រកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុម ការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩០នាក់។

លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារ ធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដក ហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ដោយឡែកប្រតិបត្តិការ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន ២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ ដកហូតម៉ូតូ ១គ្រឿង និងដើមដំឡូវមីចំនួន ១បាច់។

ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមាន ប្រសិទ្ធភាព លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។

ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ 

ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០% ក្នុងឆ្នាំ២០៥០៕

ដោយ៖ សូរិយា


ចែករំលែក៖