ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងបំភ្លឺការចាក់អាចម៍ដីលុបស្ពានធ្លកដែលស្ថិតនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នាថ្ងៃទី៥ខែមេសាឆ្នាំ២០២៤។
សូមបញ្ជាក់ថា ករណីចាក់បំពេញអាចម៍ដី នៅលើដីកម្មសិទ្ធិដែលមានក្បាលដីលេខ209 និងមានព្រំប្រទល់ខាងជើងជាប់ក្បាលដីលេខ208 ខាងត្បូងជាប់ក្បាលដីលេខ 221 + 222 + 228 ខាងកើតជាប់ក្បាលដីលេខ210 និងខាងលិចជាប់ផ្លូវថ្នល់ (បច្ចុប្បន្នផ្លូវជាតិលេខ១៣)។
ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារក្រសួងសាធារណការ ក្រសួងធនធានទឹក រដ្ឋបាលខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រដ្ឋបាលក្រុងស្វាយរៀង រដ្ឋបាលសង្កាត់សង្ឃ័រ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ និងលោកមេភូមិធ្លក បានចុះពិនិត្យនិងស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីប្រវត្តិដីនិងស្ពានទីតាំងនេះ(ពាក្យបច្ចេកទេសហៅថាដាឡូ) មិនមែនជាស្ពានធ្លកទេ ស្ថិតនៅខាងត្បូងស្ពានធ្លក ប្រហែល១៧០ម៉ែត្រ ដែលស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមការបញ្ជាក់របស់លោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅជិតនេះថា កាលពីមុនកន្លែងនេះពុំមាន(ដាឡូ) លូឬប្រឡាយបង្ហូរទឹកនោះទេ លុះដល់ឆ្នាំ២០១៣ ក្រុមហ៊ុនធ្វើផ្លូវបានសាងសង់ពង្រីកស្ពានធ្លក និងបិទផ្លូវទឹកកន្លែងធ្វើស្ពាន ហើយយកទីតាំងនេះធ្វើជាដាឡូបង្ហូរទឹកជាបណ្តោះអាសន្នប៉ុណ្ណោះ។ សូមបញ្ជាក់ថា ដាឡូឬលូទឹកនេះ ពុំមែនជាស្ពានធ្លកទេ ស្ពានធ្លកជាផ្លូវរំដោះទឹក ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ធនធានទឹក ពុំឃើញមានការចាក់ដីលុបនោះឡើយ។
ក្រោយពីបានចុះពិនិត្យនិងសិក្សារួចមក ក្រុមការងារបានសម្រេចផ្អាកគ្រឿងចក្រ និងឱ្យកាយដីខាងមុខដាឡូនោះចេញវិញ រង់ចាំឱ្យមានច្បាប់ និងអនុវត្តទៅតាមបច្ចេកទេសត្រឹមត្រូវដូចខាងក្រោម៖
១. សូមឱ្យម្ចាស់ដីសុំអនុញ្ញាតច្បាប់ចាក់បំពេញអាចម៍ដីឱ្យបានត្រឹមត្រូវជាមុន។ ២.ចំពោះការអភិវឌ្ឍលើដីចំណីផ្លូវសាធារណៈ មកដល់ដាឡូឆ្លងផ្លូវជាតិលេខ១៣ សុំឱ្យស្នើសុំទៅមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីផ្តល់បច្ចេកទេសដាក់លូរៀបរិហ្គែ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឱ្យបានត្រឹមត្រូវ៕
ដោយ៖ សុថាន