ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចាប់ឃាត់ខ្លួន តំណាងគណបក្សឆន្ទៈខ្មែរប្រចាំខណ្ឌជ្រោយចង្វារ និងចៅសង្កាត់រងទី២ ពីបទក្លែងឯកសារ,​ ហើយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់បក្សប្រឆាំង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលម្នាក់ជាអតីតប្រធានគណបក្សភ្លើងទៀនប្រចាំខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងម្នាក់ទៀតជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ពីបទក្លែងឯកសារសាធារណៈ។ 

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ ដាង ប៊ុនហាក់ អាយុ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ

ទី២៖ ឈ្មោះ គឹម ថាយមុន្នី អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បើតាមសេចក្តីប្រកាសព័ត៌មាន, នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ៦៨ឆ្នាំ ដែលបានប្ដឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ក្រោយទទួល ពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពាក់ព័ន្ធ រឿងក្លែងបន្លំឯកសារសារធារណៈ និងបានរាយការណ៍សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ២២០-២២១ អ.យ.ន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំ រឿងក្លែងបន្លំឯកសារសាធារណៈ ហើយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យទាំង២នាក់។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ហើយការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤៕

ដោយ ៖ សហការី


ចែករំលែក៖