ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអបអរសាទរ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានទទួលស្វាគមន៍ គណៈប្រតិភូស្រុក តឹងបៀន និងចូវថាញ់ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីអបអរសាទរ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុករមាសហែក។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុករមាសហែក  ថ្ងៃនេះ លោក ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ស្រុក តឹនបៀន និងចូវថាញ់ ខេត្តតៃនិញ ក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកម្ពុជា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ រវាងបណ្តាស្រុកជាប់ព្រំដែននិងកិច្ចសហប្រតិបត្តិការជាមួយស្រុក តឹនបៀន និងស្រុកចូវថាញ់ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ ។

លោកបន្តថា ក្នុងនាមស្រុកដែលមានកិច្ចសហប្រតិបត្តិការ ជាមិត្ត និងជាបងប្អូន ខ្ញុំសូមសម្តែងនូវការអបអរ សាទរចំពោះសមិទ្ធផល នៃដំណើរការកសាងអភិវឌ្ឍន៍របស់ស្រុកតឹនបៀន និងចូវថាញ់ ដែលពីមួយឆ្នាំទៅ មួយឆ្នាំ កាន់តែមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ថ្មីជាលំដាប់ ព្រមទាំងមានការរីកចម្រើនប្រកបដោយវឌ្ឍនភាព វិបុលភាព និងប្រជាជនរស់នៅក្នុងភាពសុខដុមរមនា ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ លោកមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ក្រៃលែង ចំពោះការរីកចម្រើន នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលរួម គ្នាសម្រេចបានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន កិច្ចសហការគាំទ្រសម្របសម្រួលលើដំណើរការការងារព្រំដែន ព្រមទាំងបណ្តាវិស័យផ្សេងៗទៀត នៃកិច្ចព្រមព្រៀង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរ ភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង ។

លោកបានបន្ថែមថា នាឱកាសឆ្នាំថ្មី ឆ្នាំរោង គ.ស.២០២៤ នេះដែរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ប្រទេសទាំងពីរកម្ពុជា-វៀតណាមក្នុងនោះដែរមានស្រុករមាសហែក ខេត្តស្វាយរៀង ប្រទេសកម្ពុជា និងស្រុកតឹងបៀន និងស្រុកចូវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម ពិតជារួមគ្នារក្សាបណ្តុះចំណង ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី វប្បធម៌ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយកាន់តែមានភាពរឹងមាំប្រកបដោយប្រសិទ្ធភាពថែមទៀត ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកម្ពុជា ឆ្នាំរោង គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងស្រុករមាសហែក ដែលមានវត្តមានក្នុងឱកាសនេះ ខ្ញុំសូមគោរពជូនពរ លោក លោកស្រី ថ្នាក់ដឹកនាំ និងប្រជាជនស្រុកតឹងបៀន និងស្រុកចូវថាញ់ ទាំងមូល សូមមានសុខភាពល្អបរិប សុភមង្គល សម្រេចជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ៕

ដោយ៖ សុថាន


ចែករំលែក៖