ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jonathan Choi នាយកក្រុមហ៊ុន Sunwah និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង កាលពីម្សិលមិញនេះ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចូលជួបសម្ដែងការគួរសម និងស្នើសុំការណែនាំពី លោកឧបនាយករដ្ឋមន្ត្រី លើគម្រោងវិនិយោគដែលខ្លួនគ្រោងនឹងដាក់ទុននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួនរួមមាន បច្ចេកវិទ្យា, សេដ្ឋកិច្ចបៃតង, ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី, ក៏ដូចជាគម្រោងកែច្នៃសម្រាមដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឡើងវិញ និងផលិតថាមពលកកើតឡើងវិញផងដែរ។
ជាងនេះទៅទៀត ក្រុមហ៊ុនបានឆ្លៀតយកឱកាសនេះដើម្បី គោរពអញ្ជើញលោកឧបនាយករដ្ឋមន្ត្រីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដែលនឹងមានវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនចូលរួម។
លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួលលើគម្រោងវិនិយោគនានាដែលគ្រោងនឹងដាក់ទុនមកកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ និងគោរពតាមច្បាប់របស់កម្ពុជា៕
ដោយ៖ តារា