ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោល អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីធ្វេីអាជីវកម្មផ្លូវភេទ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន កម្លាំងផ្នែកនគរបាលយុត្តិធម៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល​ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤​ បានអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីធ្វេីអាជីវកម្មផ្លូវភេទ។ 

ក្នុងប្រតិបត្តិការនោះ​ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥០៩តព្រ ចុះថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៣ របស់លោក ឡេង វណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ឈួម ហួយ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទការទិញពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចក្រុមភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ តាមមាត្រា៣៤ នៃច្បាប់ស្ដីពីការបង្ក្រាបអំពេីជួញដូរមនុស្សនិងអំពេីធ្វេីអាជីវកម្មផ្លូវភេទ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖