ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង គណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមថា «មិនដូចការគិត របស់ហ្វ្រីមិនស្រួលទេ បើចង់បានលឿន ត្រូវអស់៤០០បាត»

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សំដៅអនុវត្តតាមស្មារតី នៃការព្រមព្រៀងគ្នារបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ថៃ ក្នុងការសម្រួលដំណើរ ចូល ចេញ ប្រទេសរបស់ពលរដ្ឋខ្មែរ ពិសេសពលករកម្ពុជានាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បាន រៀបចំនិងដាក់ចេញនូវយន្តការចាំបាច់ជាបន្តបន្ទាប់ ធ្វើយ៉ាងណាបង្កគ្រប់លក្ខណៈងាយស្រួលជូនបងប្អូន ប្រជាពលរដ្ឋខ្មែយើង និងបញ្ចៀសមិនឱ្យមានការកកស្ទះ បញ្ហាសុខភាព និងបញ្ហានានាដែលអាចកើតឡើង ជាយថាហេតុ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧.៣៧៧នាក់ ក្នុងនោះជាពលករចំនួនជាង ៣១.០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយ ក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា “មិនដូចការគិត របស់ហ្វ្រីមិនស្រួលទេ បើចង់បានលឿនត្រូវអស់ ៤០០បាត ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវនិងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ ។ ជាមួយនោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រួមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចុះតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីពិនិត្យ មើលនិងស្វាគមន៍ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើងតាមទីតាំង និងកម្មវិធីដែលបានគ្រោងទុក ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះសាធារណជន និងអ្នក ប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទដែលតែងយកចិត្តទុកដាក់តាមដាន និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត មានលក្ខណៈវិជ្ជមានពីប្រទេសរបស់យើងដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលជាការរួមចំណែកជាមួយ រាជរដ្ឋាភិ បាលលើគោលនយោបាយទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគបរទេស និងសូមទទួល យករាល់ចំណុចខ្វះខាតសម្រាប់ការកែលម្អរ ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារនិងកិត្យានុភាពរបស់ ប្រទេសយើង។

សេចក្តីដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖