ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្វាយលិខិតថ្លែងអំណរ ព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

បពិត្រ អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ជាបឋម ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត សម្តេចម៉ែ ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសពោរពេញដោយមហាកិត្តិយសឧត្តុង្គឧត្តមដែលទូលព្រះបង្គំជាខ្ញុំ ត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយយ៉ាងឧឡារិកដែលទូលព្រះបង្គំបានទទួលនាឱកាសនេះ គឺពិតជាមានអត្ថន័យសម្រាប់ទូលព្រះ បង្គំជាខ្ញុំ និងប្រជាជនកម្ពុជាគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារ ឫទ្ធាបារមីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ដែល ជានិច្ច កាល ព្រះអង្គតែងប្រទាននូវការគាំទ្រជាអតិបរមាចំពោះកិច្ចខិតខំបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ ជាតិ ប្រជាពលរដ្ឋ របស់ទូលព្រះបង្គំជាខ្ញុំ និងភរិយាជារៀងរហូតមក។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហា ប្រសើរ សូម អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ អភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖