ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford Ranger XLT​ បុកសួនទ្រូងផ្លូវ​ជាតិលេខ៦​និងរង្វង់មូលព្រហ្មមុខបួន​បណ្តាលឱ្យខូចខាតយ៉ាងដំណំ​ ហើយបន្តបេីករត់ត្រូវសមត្ថកិច្ចឃាត់បាន

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់បាន​បេីករថយន្ត​ម៉ាក Ford Ranger XLT មួយគ្រឿងយ៉ាងលឿន​មិនប្រយ័ត្ន​ ខណៈមកដល់ផ្លូវកោងក៏បុកសួនច្បារពុះចែកទ្រូងផ្លូវ​និងហោះទៅបុកឡេីងសួនរង្វង់មូលព្រហ្មមុខបួន​ថែមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ​ រួចហើយបេីករត់ តែត្រូវសមត្ថកិច្ចឃាត់បានកាលពីវេលា​ម៉ោង​២​ និង៥០នាទីរំលងអធ្រាត្រ​ឈានចូល​​ ថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ​២០២៤​ ស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្ត​បង្កម៉ាក​ Ford Ranger XLT​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2BT-3931 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកេីតហេតុផ្លូវរាងកោង​បន្តិច​ ឯអ្នកបេីកបរក៏មិនបង្អន់ល្បឿនក៏ជ្រុលទៅបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦​ បណ្ដាលឱ្យបាក់បង្គោលបង្ហាញចរាចរណ៍មួយដេីម​ និងហោះទៅបុកបង្គោលភ្លេីង​ឡេីងរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀតធ្វើឱ្យរងការខូចខាត​ ។ ភ្លាមៗនោះអ្នកបេីករថយន្តបង្កមិនឈប់ទទួលខុសត្រូវនៅកន្លែងកេីតហេតុនោះទេ​ គឺបានបេីកត្រឡប់មកក្រោយវិញរហូតដល់ម្ដុំវត្តកៀនឃ្លាំង​ក៏ត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុង​ និងរថយន្ត។ 

​    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡេីយ​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចុះធ្វេីការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមច្បាប់​  ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖