ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ បើកវគ្គបន្ត ជំនាន់ទី៣០ និងសម្ពោធអគារមន្ទីរ ពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២០ឆ្នាំ បានចំនួន ៤៨វគ្គ ស្មើនឹង ១៣.០៦៧នាក់ ក្នុងនោះ ស្រី៣៨នាក់។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិសាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹកហ្វឺនថ្មី នៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉ន បានចំនួន ១៥វគ្គ រួមមាន៖ វគ្គជំនាញអង្គរក្សពិសេស ចំនួន០៥វគ្គ សិក្ខា កាម ២,០៨៧នាក់ សិក្ខាកាមផ្ញើ១៨៥នាក់- វគ្គបញ្ជាការសេនាធិការ ចំនួន០៤វគ្គ សិក្ខាកាម ៤០០នាក់ វគ្គថែទាំបច្ចេកទេស បើកបរ អនុវត្តបាញ់គ្រាប់ពិត រថក្រោះ រថ ពាសដែកចំនួន ០២វត្ត សិក្ខាកាម ២៣០នាក់ និងវគ្គបណ្តុះបណ្តាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart Com-Smart Hunter និង QW3 ចំនួន០៨ វគ្គ សិក្ខាកាម ៦០០នាក់។
វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ មានសិក្ខាកាមរួម ចំនួន ៤៣៧នាក់ ក្នុងនោះ សិក្ខាកាមមកពីបញ្ជាការដ្ឋានអង្គរក្ស ចំនួន ៤២៧ នាក់ និងសិក្ខាកាមបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១០នាក់។ យោធាចារ្យ ចំនួន ៤០នាក់ និងគណៈគ្រប់ គ្រង ចំនួន ៣៥នាក់។ រយៈពេលហ្វឹកហ្វឺនរួមរយះពេល ៦ ខែ ដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ ក្នុងនោះ លំហាត់របៀប,កាយសិក្សា និងកីឡា, អប់រំចិត្ត សាស្ត្រ,ភស្តុភារ ហិរញ្ញវត្ថុ , ច្បាប់ទូទៅ និងសិទ្ធមនុស្ស, សព្វាវុធនិងការបាញ់, សុខាភិបាល, យុទ្ធវិធីរថ្មើរជើង និង ជំនាញអង្គរក្ស។ ជាលទ្ធផល ទទួលបាននិទ្ទេសល្អ ចំនួន ១៥៣នាក់ -ល្អបង្គួរ ចំនួន ២២១នាក់ -មធ្យម ចំនួន ៦៣នាក់ ។ និងបន្តរបើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣០ ដែលមានសិក្សាការសរុបចំនួន ៤៥៨នាក់។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន កងយោធពលខេមរភូមិន្ទ ជាពិសេសនាយ ទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំ និងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់នូវរាល់ ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការងារ ការពារសន្តិសុខ សុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បញ្ជាក់ថា កងអង្គរក្ស បានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណីធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។
ឆ្លៀតក្នុងខណៈនោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និងក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់ ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាពជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តអនុសាសន៍របស់សម្តេចតេជោ ១០ចំណុច និងអនុសាសន៍របស់សម្តេចធិបតី ៥ចំណុច ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការ លាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារគ្រឿងបំពាក់ ហ្វឹកហ្វឺន ត្រៀមលក្ខណ:សម្ភារៈឧបករណ៍ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន២០តោន, ត្រីខ ចំនួន១៥០កេស និងថវិកាចំនួន ១៥០លានរៀល ៕
ដោយ៖ សូរិយា