ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអាស៊ីត ៣០តោន ធ្លាយចូលទន្លេនៅឡាវ​ ខេត្តរបស់ថៃចំនួន៧ ជាប់ដងទន្លេមេគង្គ ប្រកាសអាសន្ន​ និងព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រ​យ័ត្នខ្ពស់

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Luang Prabang នៃប្រទេសឡាវ កាលពីថ្ងៃពុធសប្តាហ៍មុន​ ខណៈ​រថយន្តដឹកអាស៊ីត៣០តោន ក្រឡាប់កំពប់ជះសារធាតុនេះចូលក្នុងទន្លេ Nam Khan របស់ឡាវ ហើយគេរំពឹ​ងថា អាស៊ីតស៊ុលហ្វួរិច នឹងហូរចាក់ចូលទន្លេមេគង្គមកដល់ប្រទេសថៃ ក្នុងសប្តាហ៍នេះ។​ ស្រាប់​តែ​រដ្ឋាភិបាល​ថៃ​ បានប្រកាសអាសន្ននិងព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រ​យ័ត្នខ្ពស់ នៅតាមខេត្តថៃចំនួន៧​ ដែលជាប់ដងទន្លេមេគង្គ។

បេីតាមការ​បញ្ជាក់ពី​ការិយាល័យធនធានទឹកជាតិថៃ បានជូនដំណឹងដល់ខេត្តចំនួន៧​ ដែលនៅតាមដងទន្លេមេគង្គ មានដូចជា៖ Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ត្រូវតាមដានគុណភាពទឹកទន្លេមេគង្គឲ្យមែនទែន។

ពាក់ព័ន្ធ​ករណី​នេះដែរ​រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវវិទ្យាសាស្ត្រឧត្តមសិក្សា និងនវានុវត្តន៍ លោកស្រី Supamas Isarabhakdi បានឱ្យដឹងថា លោកស្រីបានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ មកពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យគុណភាពទឹកទន្លេ ក្នុងខេត្តទាំងប្រាំពីរខាងលើ និងវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។

ជាមួយគ្នានោះ អាជ្ញាធរ​ថៃ​ បាន​ទាក់ទង​មន្ត្រី​ឡាវ ឱ្យបង្ហូរ​ទឹក​ចេញ​ពី​ទំនប់ Xayaburi ដើម្បី​កាត់បន្ថយជាតិ​គីមី​ក្នុង​ទន្លេ ក៏ដូចជាផល​ប៉ះពាល់​ដល់​គុណភាព​ទឹក ​នៅប្រទេសថៃ។

បច្ចុប្បន្ន​មន្ត្រីសុខាភិបាលថៃ ក៏បានចុះអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ទន្លេទាំង៧ អំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់នៃសារធាតុគីមីផងដែរ ហើយប្រសិនបើពួកគេប៉ះនឹងទឹកដែលមានសារធាតុបំពុល ត្រូវណែនាំឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់។

គួរជម្រាបជូនថា​ អាស៊ីតស៊ុលហ្វួរិច គឺជាសារធាតុបំផ្លាញស្បែក ភ្នែក ធ្មេញ និងសួត ហើយបើប៉ះពាល់ធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យងងឹតភ្នែកនិងឈានដល់បាត់បង់ជីវិតទៀតផង៕


(រូបថត៖ Bangkok Post,​ The Star​ និងThai PBS)


ចែករំលែក៖