ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងផែនការ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

សូមជម្រាបថា​ ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និង​គ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍ​សង្គម​-សេដ្ឋ​កិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រសួងផែនការមានភារកិច្ចដឹកនាំ រៀបចំ និងកំណត់​ចក្ខុ​វិស័យគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីអាទិភាព​សម្រាប់​អភិ​វឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ​ការអនុវត្ត, ការ​ងារផលិត ចងក្រង និងគ្រប់គ្រងទិន្នន័យនិងស្ថិតិជាតិ តាមរយៈការធ្វើជំរឿន និងអង្កេត ព្រម​ទាំង​ផ្ដល់ការគាំទ្របច្ចេកទេសទាក់ទងការធ្វើអង្កេតតាមវិស័យ, និងសិក្សាស្រាវជ្រាវអំពី​ស្ថាន​ភាព​សង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន។ល។

ក្រសួងផែនការ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ​២០២៤ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង​ផែនការ។ ក្នុងសន្និបាតនេះ បានពិនិត្យឡើងវិញលើលទ្ធផលការងារដែលសម្រេចបាននៅ​ក្នុងឆ្នាំ២០២៣ ហើយក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលំអក្នុងឆ្នាំ​២០២៤​ផងដែរ។

លោក ប៊ិន ត្រឈៃ បានគូសរំលេចថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងសម្រេចបានការងារ​ជាច្រើន ក្រោមការដឹកនាំរបស់លោក ឆាយ ថន និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួង។

លោករដ្ឋមន្ត្រី បានគូសរំលេចថា ឆ្នាំ២០២៣ គឺជាឆ្នាំបញ្ចប់នៃរាជរដ្ឋាភិបាលអាណត្តិទី៦ និង​ជាឆ្នាំចាប់ផ្តើមនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតសាកល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធ​សាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ឌីជី​ថល។

លោករដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ បាននិង​កំពុងបន្តកិច្ចខិតខំអនុវត្ត ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបាននូវសមិទ្ធផល​ការងារធំធេងជាច្រើន គួរជាទីមោទន។ គោលបំណងនៃសន្និបាតក្នុងរយៈពេល ២ថ្ងៃនេះ គឺ​ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារឆ្នាំ២០២៣ បញ្ហា ប្រឈម និងការលើកទិសដៅការងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ សំដៅពង្រឹងសមត្ថភាព និងបង្កើន ប្រសិទ្ធភាពការងារ របស់​ស្ថាប័ននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

ខាងក្រោមនេះ គឺជាសមិទ្ធផលការងារ ដែលក្រសួងផែនការសម្រេចបានក្នុងឆ្នាំ២០២៣៖

* ការងារវិស័យផែនការ៖

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាឯកសារផែនការយ៉ាងសំខាន់​សម្រាប់អនុវត្ត​គោល​នយោ​បាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា, គោលដៅ និងអនុសញ្ញាសាកល ដែល​កម្ពុជា​បានផ្តល់សច្ចាប័ន ក្នុងគោលបំណងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ផែនការយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ជាតិ ត្រូវបានរៀបចំចំនួន ៥លើក ចាប់ពីឆ្នាំ១៩៩៦ មក។ បច្ចុប្បន្នក្រសួង​ផែនការ កំពុងដំណើរការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់អាណត្តិកាល ២០២៤-២០២៨។

កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ដែលបានចាប់ផ្តើមរៀបចំតាំងពីឆ្នាំ១៩៩៦ គឺជាឧប​ករណ៍​មួយ សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងក្នុងផែនការយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ជាតិ និងជា ធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ​រយៈ​ពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម និងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ កម្មវិធីវិនិ​យោគ​សា​ធារណៈ ៣ឆ្នាំរំកិល លើកទី៣០ សម្រាប់ឆ្នាំ២០២៥-២០២៧ ទើបទទួលបានការឯកភាព​ពី​គណៈរដ្ឋមន្ត្រី នៅសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសាកល ត្រូវបានធ្វើមូលដ្ឋាននីយកម្ម​ក្នុងបរិការណ៍​កម្ពុជា មកជាក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ក្រប​ខ័ណ្ឌនេះ ត្រូវបានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីលទ្ធផលនៃការសម្រេចបាន តាម​រយៈរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយ ស្ម័គ្រចិត្តចំនួន ២(ពីរ)លើក ឆ្នាំ២០១៩ និង​ឆ្នាំ​២០២៣។

ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដើម្បីកំណត់អត្ត​សញ្ញាណ​កម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ប្រ​មាណ ១.២លាន​គ្រួសារ ទទួលបានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារ​ងាយរង​ហា​និ​ភ័យ ដែលគ្របដណ្ដប់លើប្រជាជនប្រមាណ៥លាននាក់។ ទិន្នន័យពីកម្មវិធីអត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់ក្នុងកម្មវិធីគាំពារសង្គម និងជំនួយសង្គមផ្សេងៗ។ បច្ចុប្បន្ន ក្រសួង​ផែនការកំពុងគិតគូរអំពីការធ្វើនវានុវត្តន៍ និងបរិវដ្តកម្មឌីជីថលនៃនីតិវីធីកំណត់​អត្ត​សញ្ញាណកម្ម គ្រួសារក្រីក្រ សំដៅបង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលា ផ្ដល់ជូនទិន្នន័យ​ដែល​មានបច្ចុប្បន្នភាព និងកាត់បន្ថយការចំណាយក្នុងការអនុវត្តផងដែរ។

ក្រៅពីនេះ មានការងារគាំទ្រមួយចំនួនទៀត ដូចជា ការងារវាស់វែងភាពក្រីក្ររបស់កុមារ និង​ប្រជាជនកម្ពុជា ដោយផ្អែកលើចំណូលចំណាយ និងផ្អែកលើពហុសមាសភាគ, ការងារលើក​កម្ពស់​ស្ថានភាពអាហារូបត្ថម្ភ តាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ដើម្បីលើក​កម្ពស់អាហារូបត្ថម្ភរបស់ប្រជាជន ជាពិសេសស្ត្រី និងកុមារ, ការងារផែនការនៅថ្នាក់​ក្រោម​ជាតិ ដែលជាយន្តការសម្របសម្រួលដល់ការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការគាំទ្រដល់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគ ៣ឆ្នាំរំកិល នៅថ្នាក់​ក្រោមជាតិ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB), និងប្រព័ន្ធ ទិន្នន័យ​គ្រប់គ្រងគម្រោង (SPD) ។

* ការងារវិស័យស្ថិតិ៖

វិទ្យាស្ថានជាតិស្ថិតិ ជាស្ថាប័នស្ថិតិជាតិផ្លូវការរបស់រាជរដ្ឋាភិបាលទទួ​លបន្ទុកអភិវឌ្ឍស្ថិតិ​ជាតិ ដោយផ្អែកលើគោលការណ៍នៃភាពត្រឹមត្រូវ ភាពឯករាជ្យ ភាពសត្យានុម័ត ភាពគួរទុក​ចិត្តបាន ភាពសំខាន់ និងភាពទាន់ពេលវេលា។ វិទ្យាស្ថានជាតិស្ថិតិបង្កើត និងគ្រប់គ្រងប្រព័ន្ធ​ស្ថិតិជាតិរួមបញ្ចូលគ្នា ដែលគ្របដណ្ដប់ស្ថិតិ ផ្លូវការដែលបានចាត់តាំងទាំងអស់របស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងមានភារកិច្ចប្រមូល កែច្នៃ ចងក្រង នឹងវិភាគទិន្នន័យនិងស្ថិតិ, គ្រប់​គ្រង បោះពុម្ព និងផ្សព្វផ្សាយស្ថិតិផ្លូវការ។

ក្រៅពីការងារច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារស្ថិតិ និងការងារសម្រប​សម្រួលនិង គ្រប់គ្រងប្រព័ន្ធស្ថិតិជាតិ វិទ្យាស្ថានជាតិស្ថិតិមានភារកិច្ចអនុវត្តការងារ​ផលិត​ទិន្ន​ន័យជាច្រើន ដូចជា៖

១៖ ការងារជំរឿន ដែលមានជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម។

២៖ ការងារអង្កេត ដែលមានអង្កេតចន្លោះជំរឿនប្រជាជន អង្កេតចន្លោះជំរឿនសេដ្ឋកិច្ច អង្កេតចន្លោះ ជំរឿនកសិកម្ម អង្កេតកសិកម្មប្រចាំឆ្នាំ អង្កេតសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា និងអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា។

៣៖ ការងារគណនេយ្យជាតិ និងការងារសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់។

* ការងារវិស័យប្រជាជននិងអភិវឌ្ឍន៍៖

អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ មានភារកិច្ចអនុវត្តការងារវិស័យប្រជាជន និង​អភិ​វឌ្ឍន៍ ដែលការងារអាទិភាពរួមមាន ការងារគោលនយោបាយជាតិប្រជាជន, ការងារផ្សព្វ​ផ្សាយ, ការងារបណ្តុះបណ្ដាល, ការងារអភិវឌ្ឍន៍សហគមន៍, ការងារស្រាវជ្រាវនិងអភិវឌ្ឍន៍, និងការងារកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យ ប្រជាជននិងអភិវឌ្ឍន៍។

១៖ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ រៀបចំ ផ្សព្វផ្សាយ និងតាមដានត្រួតពិនិត្យ ការអនុវត្ត គោលនយោបាយជាតិប្រជាជន និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ​ជាតិប្រជា​ជន។ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺជាឯកសារគោលនយោបាយ​រយៈ​ពេលវែង និងមានលក្ខណៈ ពហុវិស័យ ដែលបង្ហាញអំពីបញ្ហាគន្លឹះរបស់ប្រជាជន, ទំនាក់​ទំនង​រវាងប្រជាជន និងការអភិវឌ្ឍ, និងវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយ​បញ្ហាប្រជាជនដែលបាននិងកំពុងកើតមាន។

គោលនយោបាយជាតិប្រជាជនផ្ដោតអាទិភាពខ្ពស់លើការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងការវិនិយោគកាន់តែច្រើនជាងមុន នៅក្នុងវិស័យអប់រំនិងសុខាភិបាល ដោយយកចិត្ត​ទុក​ដាក់ ជាសំខាន់ទៅលើយុវជន។

២៖ អគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ បានបណ្តុះបណ្តាលធនធានមនុស្សជារៀង​រាល់ឆ្នាំ ដល់មន្ត្រីផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន និងមន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ជាពិសេស​មន្ត្រីការិយាល័យ ប្រជាជន និងអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់ដំណេះដឹង និង​ជំនាញ​ផ្នែកប្រជាសាស្ត្រ និងគោលនយោបាយប្រជាជន។

៣៖ ការងារអភិវឌ្ឍន៍សហគមន៍ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អង្គការ​សហ​ប្រជាជាតិ ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ ការប្រមូល ការ​ចងក្រង និងការគ្រប់គ្រង ទិន្នន័យសហគមន៍ គឺជាការងារអាទិភាពរបស់អគ្គលេខាធិការ​ដ្ឋាន​ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីបង្កើត ជាមូលដ្ឋានទិន្នន័យសហគមន៍កម្ពុជា (Cambodia Community Database) ដែលមានគុណភាព សម្រាប់ជាប្រយោជន៍​ដល់អ្នករៀបចំ​គោល​នយោបាយ ផែនការ និងអ្នកសិក្សាស្រាវជ្រាវ។ សៀវភៅ ណែនាំស្តីពីការអភិវឌ្ឍសហគមន៍​លំនៅ​ឋានបណ្តោះអាសន្ន គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ជួយសម្រួលដល់ស្ថាប័នពាក់​ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា និងសង្គមស៊ីវិល យកទៅ ប្រើប្រាស់ក្នុង​ការ​រៀប​ចំកែលម្អ និងអភិវឌ្ឍសហគមន៍លំនៅឋានបណ្តោះអាសន្នឱ្យកាន់តែប្រសើរឡើង និង​មាន​​ប្រសិទ្ធភាពខ្ពស់។

៤៖ ការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ គឺជាការងារចាំបាច់ និងបន្ទាន់របស់អគ្គលេខាធិការដ្ឋាន​ប្រជាជន និងអភិវឌ្ឍន៍ ព្រោះការងារស្រាវជ្រាវនេះ នឹងរកឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយនានា។ លើសពីនេះទៀត ការងារស្រាវជ្រាវ​នេះ នឹងឆ្លុះបញ្ចាំងពីការវិវត្តនៃសង្គម-សេដ្ឋកិច្ច, សង្គម-ប្រជាសាស្ត្រ, សង្គម-វប្បធម៌ និង​សាស​នា, និងសង្គម-បរិស្ថាន ដែលអាចជាមូលដ្ឋានព័ត៌មានដ៏មានសារៈសំខាន់​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព ឬកែសម្រួលគោល នយោបាយ និងផែនការអភិវឌ្ឍន៍នានា ទាន់ពេលវេលា និង​មានប្រសិទ្ធភាព។

៥៖ ការរៀបចំទិវាប្រជាជនពិភពលោកនិងវេទិកាផ្សេងៗដែលទាក់ទងនឹងប្រជាជន​ និងអភិ​វឌ្ឍន៍​ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរបស់រាជរដ្ឋា​ភិបាល លើការគិតគូរ​ពីស្ថានភាព​ជីវ​ភាព​ប្រជាជន ឱ្យកាន់តែមានភាពប្រសើរឡើង និងការគិតគូរអំពីសិទ្ធិនិងជម្រើស​របស់​ប្រជា​ជន ពិសេសស្ត្រីនិងក្មេងស្រី។

+ វិស័យរដ្ឋបាលនិងកិច្ចការទូទៅ៖

ក្នុងបរិការណ៍នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួង​ផែនការ បានអនុវត្តនិងសម្របសម្រួលការងារសំខាន់ៗ ដូចខាងក្រោម៖

១៖ ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ននិងមន្ត្រីរាជការ។

២៖ ការគ្រប់គ្រងក្របខ័ណ្ឌនិងការអភិវឌ្ឍអាជីពមន្ត្រីរាជការ។

៣៖ ការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។

៤៖ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

៥៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ។

+ វិស័យបណ្តុះបណ្តាល៖

រាជរដ្ឋាភិបាល បានដំឡើងកម្រិតពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ-ស្ថិតិ ទៅជាសាលា​ជាតិ​ផែនការ និងស្ថិតិ ដែលជាគ្រឹះស្ថានឧត្តមសិក្សាផ្ដល់ការអប់រំ និងបណ្តុះ​បណ្តាលកម្រិត​ឧត្តមសិក្សា និងសុក្រឹតការ វិក្រឹតការ ក្នុងវិស័យផែនការនិងស្ថិតិ លើជំនាញផែនការ​អភិវឌ្ឍន៍ ស្ថិតិអនុវត្តន៍ ស្ថិតិប្រជាសាស្ត្រ និងការ តាមដានត្រួតពិនិត្យនិងវាយតម្លៃ។ល។ សាលាជាតិផែនការ និងស្ថិតិ មានមហាវិទ្យាល័យរួមមាន៖ ១) មហា វិទ្យាល័យផែន​ការ​អភិវឌ្ឍន៍, ២) មហាវិទ្យាល័យស្ថិតិ និង៣) មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និង អភិវឌ្ឍន៍ ដែលបាននិងកំពុង ផ្តល់ការអប់រំ និងបណ្ដុះបណ្តាលជំនាញវិស័យផែនការ ស្ថិតិ និងប្រជាសាស្ត ដើម្បីឆ្លើយតបតាមតម្រូវការរីកចម្រើននៃប្រទេសជាតិ ការកែទម្រង់​រដ្ឋបាល​សាធារណៈ យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ន សាលាជាតិផែនការ និងស្ថិតិ បាននិងកំពុងបណ្តុះបណ្តាលនិស្សិត និងមន្ត្រីរាជការ សរុប ចំនួន ៥៨៣នាក់ (ស្ត្រី ១៣២នាក់ និងប្រុស ៤៥១នាក់) ដែល​ក្នុងនោះនិស្សិត​ជា​មន្ត្រីរាជការមានសរុបចំនួន ៤៥២នាក់ សិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់​ខ្ពស់​លើជំនាញផែនការអភិវឌ្ឍន៍ ស្ថិតិអនុវត្តន៍ ស្ថិតិប្រជាសាស្ត្រ និងការតាមដានត្រួតពិនិត្យ​និងវាយតម្លៃ។ សាលាជាតិផែនការនិងស្ថិតិ ក៏បាននិងកំពុង កៀរគរគម្រោងស្រាវជ្រាវ និង​គម្រោងអភិវឌ្ឍន៍។

+ វិស័យផែនការ ស្ថិតិ និងប្រជាជន នៅរាជធានី-ខេត្ត៖

មន្ទីរផែនការរាជធានី ខេត្ត បំពេញការងារក្នុងនាមក្រសួងផែនការនៅថ្នាក់ក្រោមជាតិ និង​ជា​សេ​នាធិការ ជូនគណៈអភិបាលរាជធានី ខេត្ត ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ​អនុ​វត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលនៅថ្នាក់រាជធានី ខេត្ត លើការងារចម្បងៗ ដូចខាងក្រោម៖

១៖ ការផ្ដល់បច្ចេកទេស សម្របសម្រួលរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និង​កម្មវិធី​វិនិយោគ សាធារណៈបីឆ្នាំ រំកិល រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់។

២៖ ការគ្រប់គ្រងសម្របសម្រួលដំណើរការប្រមូលទិន្នន័យមូលដ្ឋានឃុំ/សង្កាត់ និងការរៀប​ចំជា ឯកសារ ព័ត៌មានស្ថានភាព និងឯកសារពិន្ទុវិស័យឃុំ/សង្កាត់ ស្រុក/ក្រុង/ខណ្ឌ និងរាជធានីកខត្ត សម្រាប់បម្រើ ដល់ការងារកសាងផែនការគ្រប់វិស័យទាំងថ្នាក់ជាតិ​និងថ្នាក់​ក្រោមជាតិ។

៣៖ ការសម្របសម្រួលអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហា​និ​ភ័យ នៅតាមរាជធានី ខេត្ត។

៤៖ ការងារតាមដានត្រួតពិនិត្យការអនុវត្តគម្រោងថ្នាក់ក្រោមជាតិ។

៥៖ ការចូលរួមការងារជំរឿន អង្កេតផ្សេងៗ។

៦៖ ការងារស្រង់តម្លៃទំនិញទីផ្សារ និងការប្រមូលទិន្នន័យរៀបចំផលិតផលក្នុងស្រុក​សរុបរាជ​ធានី ខេត្ត។

៧៖ ការងារប្រជាជន និងអភិវឌ្ឍន៍៕

ដោយ៖ តារា


ចែករំលែក៖