ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មីនតោនចំនួន៣គ្រាប់ត្រួតលើគ្នាត្រូវបានប្រទះឃើញនៅក្នុងដីចម្ការ ដែលប្រជាពលរដ្ឋធ្លាប់ធ្វើអាស្រ័យផលរាប់ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ម្ចាស់ដីចម្ការមួយកន្លែង នៅភូមិអូរចំនិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងបានធ្វើការភ្ជូររាស់ដាំដុះ និងអាស្រ័យផលលើដីចម្ការរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ។ នៅឆ្នាំនេះគាត់បានរៀបចំភ្ជួររាស់ដីរួចជាស្រេច រង់ចាំធ្លាក់ភ្លៀងមកដល់គាត់នឹងចាប់ផ្តើមដាំដុះតែម្តង។ ប៉ុន្តែកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ គ្រាប់មីនតោនចំនួន៣គ្រាប់ត្រួតលើគ្នាត្រូវបានប្រទះឃើញនៅក្នុងដីចម្ការរបស់ពួកគាត់ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានដំណើរការបោសសម្អាតមីននៅតំបន់ដីជាប់គ្នានេះ និងមានព័ត៌មានជាខ្សែរគ្រាប់មីនតោន ដូចនេះក៏បន្តបោសសម្អាតដីនេះ ហើយក៏ប្រទះឃើញគ្រាប់មីនតោនដាក់ត្រួតជាន់គ្នា៣គ្រាប់នេះ។ សភាពរបស់មីនតោនទាំងអស់នោះនៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល។ ជាសំណាងល្អណាស់ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ។ នេះជាការបញ្ជាក់ពី អង្គភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ 

លោក អ៊ុំ សុជាតិ មន្ត្រីជាន់ខ្ពស់ សុីម៉ាក់ បានថ្លែងថា ៖ សូមបងប្អូនប្រជាកសិករ សូមមេត្តាកុំប្រថុយ ឬផ្សងសំណាងបង្ករបង្កេីនផល លេីដីធ្លាប់វាយប្រយុទ្ធគ្នា ឬតំបន់ធ្លាប់បានកានកាប់គូរភាគីជម្លោះ​(អតីត) ឬធ្លាប់ឃេីញមានសំណល់ជាតិផ្ទុះ​ ឬតំបន់បោះបង់ចោល ដោយសារធ្លាប់មានសង្រ្គាម ហេីយមិនទាន់មានការបោសសំអាតមីន ដោយអង្គភាពស៊ីម៉ាក់ ឬអង្គភាពបោសសំអាតមីនផ្សេងទៀត។  ដីតំបន់ធ្លាប់ប្រយុទ្ធប្រទាញប្រទង់គ្នា កាលសម័យសង្រ្គាម មុនចង់យកមិប្រេីប្រាស់ សូមបងប្អូនស្នេីសុំ​ “ស៊ីម៉ាក់” ឬភ្នាក់បោសសំអាតមីននៅជិតក្បែរលំនៅដ្ឋានរបស់បងប្អូន បោសសំអាតមីន/សំណល់ក្រោយសង្រ្គាម សិន (ដូចករណីរកឃេីញមីនតោន ០៣ជាន់ លេីដីស្រែដែលពួកគាត់កំពុងតែប្រេីប្រាស់) ៕

ដោយ ៖ សិលា


ចែករំលែក៖