ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បញ្ចាក់ថា ការប្រែប្រួលអាកាសធាតុ នឹងនៅជាមួយយើងរហូត មិនអាចថយក្រោយវិញទេ

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងបរិស្ថានលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគួសបញ្ចាក់ថា ការបម្រែបម្រួលអាកាសធាតុ នឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ ការថ្លែងនេះក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ មេសា នៅសាលាខេត្ដសៀមរាប ។

លោករដ្ឋលេខាធិការ បន្តថា ការបម្រែបម្រួលអាកាសធាតុ ពលរដ្ឋនឹងត្រូវជួបប្រទះ គឺមិនអាចថមថយឡើងវិញបានទេ តែអ្វីដែលត្រូវធ្វើនោះ គឺត្រូវបន្សំជាមួយនឹង ការបម្រែបម្រួលអាកាសធាតុ ព្យាយាមកាត់បន្ថយជីវៈឧស្ម័ន និងជំរុញឲ្យមានការយល់ដឹង ពីបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោកបញ្ជាក់ ការប្រែប្រួលអាកាសធាតុមិនមែន បណ្ដាលមកពីការកាប់ព្រៃឈើនោះទេ គឺមកពីការកើនឡើង មកពីបណ្ដាលប្រទេសធំៗ ដែលមានការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗជាដើម។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងទៀតថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ និងរក្សាទឹកក្រោមដីជាជម្រកសត្វព្រៃដ៏សំខាន់ ។ ហើយ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់គោលដៅទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០% ដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូន ។ ដើម្បីសម្រេចបានគោលដៅ របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ដំណាក់កាលទី១ គឺត្រូវដាំដើមឈើឡើងវិញ , ទី២ ត្រូវការពារព្រៃឈើ និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យ យាយីព្រៃឈើតទៅទៀត។

លោកជួប ប៉ារីស៍ ឲ្យដឹងទៀតថា នៅតាមបណ្ដាសាលាផ្សេងៗគឺបានអនុវត្តស្ទើតែ១០០% ទៅលើយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ហើយជាគោលដៅបន្ទាប់ទៀត លោកមានគម្រោងបញ្ជ្រាបចំណេះដឹងទាំងនេះទៅដល់កម្មកររោងចក្រសហគ្រាសតូចធំ និងសាធារណជនផ្សេងទៀត ដើម្បីឲ្យពួកគាត់បានយល់ដឹង ពីផលប៉ះពាល់នៃការប្រើថង់ប្លាស្ទិក ។

ជាមួយគ្នានេះលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ចាក់ថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ៕

ដោយ៖ សូរិយា


ចែករំលែក៖