ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។
ក្នុងឱកាសជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយគ្រោងសិក្សា និងសហការជាមួយក្រុមហ៊ុនធំៗតួយ៉ាងដូចជាក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោកដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ មិនត្រឹមតែផ្តោតទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួលលើគម្រោងវិនិយោគនានាដែលគ្រោងនឹងដាក់ទុនមកកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា៕
ដោយ ៖ សិលា