ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញពីទិដ្ឋភាព តាមបណ្តារាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ ។
សម្តេចធិបតី មានប្រសាសន៍ថា ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណង ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨ ។
បន្ថែមពីនោះ គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតី ភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ៕
ដោយ ៖ សិលា