ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀងត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។

ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៧ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ា ណែតជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយរយៈពេល៧ខែមកនេះរាជរដ្ឋាភិបាលដែលបានប្រសូតចេញ ក្រោមការដឹកនាំ សម្ដេចធិបតីបានដាក់ចុះគោលនយោបាយជាអតិភាព និងវិធានការគន្លឹះជាច្រើន នូវដំណើរប្រក្រតីភាពសង្គមយើងក៏ដូចជាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន បន្តពីសម្ដេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានីតិកាលទី៥។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគឺមានតួនាទីសំខាន់ណាស់ក្នុងការនាំសារពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ពីប្រជាពលរដ្ឋមកថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទុក្ខកង្វល់នានានៅមូលដ្ឋានតាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តស្វាយរៀង។ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន មន្ត្រីរាជការសុទ្ធតែស្នេហាជាតិគ្មានអ្នកណាមួយក្បត់ជាតិនោះទេ ដូច្នេះវិជ្ជាជីវៈនិងស្នេហាជាតិគឺជាកត្តាដ៏សំខាន់ដែលយើងមិនអាចកាត់ផ្ដាច់មួយណាបានឡើយ។

បន្ថែមលើកពីនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជំរុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួស មន្រ្តីដែលចូលនិវត្តន៍ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖