ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ។
ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។ ក្រោមការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកិច្ចសហការគាំទ្រផងដែរពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានការលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងនោះដែរ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ ដែលបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈផែនការយុទ្ធសាស្រ្ត។
ទន្ទឹមនោះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច៕
ដោយ៖ តារា