ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ហើយកម្ពុជា ក៏គ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះដែរ។

ឆ្លើយបតនឹងមតិមួយចំនួនលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់នាវាកងទ័ពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបជាថ្មីម្តងទៀតថា កម្ពុជាមិនឱ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ ហើយយើងក៏មិនអនុញ្ញាតឱ្យប្រើប្រទេសកម្ពុជា ជាមូលដ្ឋានដើម្បីទៅប្រឆាំងប្រទេសណាមួយនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីព្រែកជីកហ្វូណនតេជោត្រូវបានកសាងរួចរាល់ ក៏ព្រែកជីកនេះ មិនអាចប្រើប្រាស់សម្រាប់នាវាចម្បាំងបានដែរ ដោយសារជម្រៅទឹករាក់មិនអាចឱ្យនាវាចម្បាំងធ្វើចរាចរណ៍បាននោះទេ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវនោះទេ គឺកម្ពុជាប្រកាន់ជំហរមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា មិនមានការអនុញ្ញាតឱ្យប្រទេសណា ដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជានោះទេ ខណៈមានការផ្សព្វផ្សាយថាគម្រោងបង្កើតព្រែកជីកហ្វូណននេះ ដើម្បីឱ្យប្រទេសមហាអំណាចមួយយកនាវាចម្បាំងយកមកដាក់បង្កើតហានិភ័យ។សម្តេចធិបតីបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ ហើយកម្ពុជាក៏មិនមានមហិច្ឆតា ឬគ្មានគោលគំនិត ភាពក្លាហាន នៅក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងឡើយ។

សម្តេចថ្លែងថា៖«យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ព នៅទឹកដីកម្ពុជាទេ»។សម្តេចធិបតីបានឱ្យដឹងទៀតថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងជាមួយប្រទេសណានោះទេ មិនថាតែមូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏មិនអនុញ្ញាតផងដែរ។ 

សម្តេចធិបតីក៏បានបញ្ជាក់ដែរថា កម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន មិនមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ។ កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវខ្លួននោះដែរ គឺមានតែព្យាយាមរាប់អាន គ្រប់ប្រទេសដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖