ភ្នំពេញ ៖ ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាព បន្ទាប់ពីមានករណីចាប់ជម្រិតទារប្រាក់ ២០មុឺនដុល្លារមិនបានសម្រេច ជនសង្ស័យក៏បានបាញ់សម្លាប់ នៅក្នុងផ្ទះ ដែលស្ថិតនៅបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ហើយជនសង្ស័យក៏បាញ់សម្លាប់ខ្លួនឯង ត្រង់ក្បាលឃើញឈាមបាចសាចប្រឡាក់ជាប់ជញ្ជាំងកញ្ចក់ និងពេញកម្រាលឥដ្ឋក្បែរមួកសុវត្ថិភាព ។ ដោយឡែកចំពោះកញ្ញា សុខ លីន ជាតារា TikTok និងជា BA ផងនោះរបួសធ្ងន់ ដែលតាមប្រភពខ្លះថា នាងព្យាយាមគេចពីខ្មាន់កាំភ្លើង បណ្តាលឱ្យធ្លាក់ត្រូវដែកប៉ះបំពង់ ក ក្រោមចង្ការ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
បើមើលនៅក្នុងរូបភាព ជនរងគ្រោះបាត់បង់ជីវិតគេស្គាល់ថាមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង ក្រុមហ៊ុន ព្រីមៀរ៍ ផាក ជាស្វាមីម្ចាស់ផលិតផល Lakamo ហើយម្នាក់ទៀតគេស្គាល់ក្នុងបណ្ដាញសង្គម Tik Tok គឺកញ្ញា សុខ លីន ជាតារា TikTok និងជា BA គាត់អាចភ័យពេកលោតចុះ ក៏បណ្តាលឱ្យទៅជុងនឹងរបងដែក របួសក្រោមចង្ការ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមជាមួយការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ថា ៖ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo ស្ថិតនៅក្នុងបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួចហើយបានភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ! ពេលនោះ ដោយមានការប្រតាយប្រតប់គ្នា ជនសង្ស័យដែលមានតែម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង! បន្ទាប់មក ខ្មាន់កាំភ្លើងបានគំរាមជម្រិតទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់! ពាក់ព័ន្ធករណីនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមបើកប្រតិបត្តិការ ឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង!
សូមជម្រាបជូនថា ៖ ចំពោះព័ត៌មានលម្អិតពីសមត្ថកិច្ច មិនទាន់បានបញ្ជាក់ ឬមានរបាយការណ៍ជាផ្លូវការនៅឡើយ អាចសមត្ថកិច្ចកំពុងដំណើរការនីតិវិធីស្រាវជ្រាវតាមជំនាញ ក្នុងករណីនេះឱ្យសុីជម្រៅសិន។
តាមរយៈការឆ្លើយឆ្លងតាមវីដេអូឆាតចេញពីផ្ទះ ដែលស្ថិតនៅក្នុងបុរី ជីបម៉ុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងភរិយាជនរងគ្រោះ ជាមួយមិត្តភ័ក្តិ ជាង១០នាទី និងបង្ហាញទាំងរូបក្នុងហេតុការណ៍ មានកូន មានអ្នកនៅជាមួយច្រើននាក់ បញ្ជាក់ថា ជនសង្ស័យបានជម្រិតទារប្រាក់២០មុឺនដុល្លារ បើមិនឱ្យនឹងសម្លាប់ ហើយភរិយាជនរងគ្រោះសូមមិនឱ្យប្រាប់សមត្ថកិច្ច ក្នុងហេតុផលខ្លាចជនសង្ស័យសម្លាប់ចោលទាំងអស់គ្នា ។ គាត់មានបំណងដកប្រាក់ពីធនាគារដើម្បីឱ្យជនសង្ស័យ ប៉ុន្តែយប់ពេក ហើយបញ្ជាក់ថានៅក្នុងផ្ទះអត់មានលុយទេ ។ ទីបំផុត ! ខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្វាមីម្ចាស់ផលិតផល Lakamo ដល់ក្នុងផ្ទះ ស្ថិតនៅបុរីជីបម៉ុង ស្លាប់ភ្លាមៗ គួរឱ្យតក់ស្លុត ហើយជនសង្ស័យបែជាបាញ់សម្លាប់ខ្លួនឯងទៅវិញ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ករណីនេះខ្ញុំមិនអាចបញ្ជាក់បានទេ ចំពោះឃាតកម្ម ឬចាប់ជម្រិត ព្រោះកម្លាំងនគរបាលរាជធានី បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថប៉ុណ្ណោះ ម្ចាស់ករណីគឺកម្លាំងកងរាជអាវុធហត្ថ គាត់កំពុងស្រាវជ្រាវតាមជំនាញ ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ៖ រឿងនេះស្ថិតក្នុងការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច ខ្ញុំមិនអាចបញ្ជាក់បានថាជារឿងអីបានទេ សំខាន់សមត្ថកិច្ចជំនាញ កំពុងដំណើរការនីតិវិធីស្រាវជ្រាវ ។
សូមជម្រាបថា ៖ ចំពោះខ្មាន់កាំភ្លើងចូលបាញ់សម្លាប់ ស្វាមីម្ចាស់ផលិតផល Lakamo ដល់ក្នុងផ្ទះ ស្ថិតក្នុងបុរីជីបម៉ុង ភរិយាគាត់ថា ករណីជម្រិតទារប្រាក់ ២០មុឺនដុល្លារ គាត់មិនមានលុយឱ្យ បានក្លាយទៅជាការវែកញែកគ្នាតាមតុកាហ្វេ អ្នកខ្លះថាជាអំពើឃាតកម្ម ខ្លះទៀតថាករណីចាប់ជម្រិត ប៉ុន្តែការលើកឡើងទាំងនោះមិនអាចយកផ្លូវការបានទេ ករណីឃាតកម្ម ឬ ករណីចាប់ជម្រិត មានតែសមត្ថកិច្ចប៉ុណ្ណោះដែលអាចកំណត់បាន ដូច្នេះសូមរងចាំការការស៊ើបអង្កេតស្រាវជ្រាវ ពីសមត្ថកិច្ចជំនាញ បញ្ជាក់ច្បាស់លាស់សិន ទើបយើងទទួលបានព័ត៌មានលម្អិត និងទុកពេលឱ្យសមត្ថកិច្ចគាត់ធ្វើការតាមជំនាញដើម្បីដឹងការពិតយ៉ាងណានោះ៕
ដោយ ៖ សិលា