ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជូនដំណើរបងប្អូនប្រជាពលរដ្ឋឡើងជិះរថយន្ដក្រុង ទៅលេងស្រុកកំណើត ឥតគិតថ្លៃក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អភិបាលរងរួមជាមួយមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមួយថ្ងៃ បានអញ្ជើញជូនដំណើរកម្មករ កម្មការិនីនិងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុក កំណើតតាមខេត្តក្រុងនានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការរៀបចំទឹកពិសាបរិសុទ្ធនិង ភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។

លោក  ឃួង ស្រេង បានបន្តថា យើងមានទីតាំងរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែកន្លែងដែលធំជាងគេមាន២កន្លែង នោះគឺនៅទីតាំងទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវនិងនៅតំបន់OCIC ខណ្ឌជ្រោយចង្វា។ ការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋទៅស្រុកកំណើតនេះ គឺជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលមរតកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះបានទទួលការសាទរពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង។

លោក ឃួង ស្រេង បានបន្តថា៖ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរនានា

ឱ្យរក្សាតម្លៃដឹកជញ្ចូននៅដដែល កុំដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានកម្រិតតម្លៃអោយម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរនោះទេ គ្រាន់តែសុំកុំអោយពួកគាត់យកតម្លៃហួសហេតុ គ្មានហេតុផល។

ជុំវិញការអនុញ្ញាតឬមិនអនុញ្ញាតនៃការលេងបាញ់ទឹកជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានទីតាំងអនុញ្ញាតអោយលេងនិងមិនអនុញ្ញាតអោយលេង ហើយទីតាំងអនុញ្ញាតត្រូវបានដាក់ឡានទឹក ពាងទឹកអោយបាញ់ជះទឹកលេងគ្រប់គ្រាន់ផងដែរ ហើយទីតាំងនោះក៏មានដាក់ស្កាកសញ្ញាអោយលេងត្រឹមត្រូវ ជៀសវាងជះទឹក បាញ់ទឹកទៅលើអ្នកដំណើរ ដែលគេមិនបានស្ម័គ្រចិត្តលេងជាមួយយើង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង សូមអោយបងប្អូនប្រជាពលរដ្ឋលេងសប្បាយរីករាយដោយមានក្រមសីលធម៌ខ្ពស់ ។ 

ក្រោយពីជូនដំណើរបងប្អូនពលរដ្ឋឡើងរថយន្ដក្រុង លោកឃួង ស្រេង ក៏បានផ្ដល់ជាអំណោយសប្បុរស់ធម៌ជួនអង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចជា ៖ អង្ករ ត្រីខ ភេសជ្ជៈនិងថវិកាមួយចំនួនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានប្រគល់ជូននេះរួមមាន៖ថវិកាចំនួន ១០,០០០,០០០រៀល,អង្ករ ចំនួន៤,៥៧៥ គីឡូក្រាម (ចំនួន ១៨៣នាក់ ក្នុង០១នាក់ទទួលបានអង្ករ ២៥គីឡូក្រាម),មីចំនួន ២០កេសធំ,ទឹកក្រូច ចំនួន ១០០កេស,ទឹកបរិសុទ្ធ ចំនួន ១០០ កេស,ត្រីខចំនួន១០ កេសនិងស្រាបៀរ ចំនួន ៥០កេស៕

ដោយ៖ សំរិត


ចែករំលែក៖