ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
– សូមក្រាបបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយឥតឧបមា សូមអបអរសាទរ បុណ្យចូលឆ្នាំថ្មី រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិ តែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ព្រោះជារដូវកាលដែលប្រជារាស្ត្រខ្មែរមានពេលទំនេរ ពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានជួបជុំក្រុមគ្រួសារ ញាតិមិត្ត ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរស ដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេង ក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង ។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី និងគុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក សូមប្រកបតែនឹងព្រះពុទ្ធពរ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង និង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ព្រះមេត្តា-មេត្តាទទួលនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំ ប៉ាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ ៕
ដោយ ៖ សិលា