រោងចក្រថាមពល Trypilska មានសមត្ថភាពផលិតថាមពលដល់ទៅ 1,8000 MW គឺជារោងចក្រថាមពលដ៏ធំបំផុតនៅជិតរដ្ឋធានី Kyiv ដែលផ្តល់ថាមពលអគ្គិសនីសំខាន់ដល់តំបន់ Kyiv និងតំបន់ Cherkasy និង Zhytomyr ដែលនៅជិតខាង។
កាលពីថ្ងៃទី 11 ខែមេសា រោងចក្រថាមពល Trypilska ដែលជារោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំនៅជិតរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីរុស្ស៊ី។ Andriy Gota មន្ត្រីនៅ Centrenergo ដែលជាប្រតិបត្តិកររោងចក្រថាមពលបាននិយាយថា ការវាយប្រហារនេះបានបំផ្លាញរោងចក្រថាមពល Trypilska ទាំងស្រុង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃទី 11 ខែមេសាថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយសំដៅលើទីតាំងឥន្ធនៈ និងថាមពលក្នុងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ UAVs និងអាវុធរយៈចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ពីលើអាកាស ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើគោលដៅថាមពលនៅក្នុងប្រទេសរុស្ស៊ី។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទូចដល់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបំពេញតាមការសន្យាផ្តល់ជំនួយយោធា ជាពិសេសលើការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលកំពុងត្រូវការខ្លាំង ក្នុងពេលដែលរុស្ស៉ីបង្កើនការវាយប្រហារតាមផ្លូវអាកាស។
រុស្ស៉ី បាននិងកំពុងបន្តយុទ្ធនាការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលខូចខាតស្រាប់របស់អ៊ុយក្រែន បណ្តាលឱ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរ។ កន្លងមក អ៊ុយក្រែន ពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធការពារអាកាស Patriot ដែលផ្តល់ឱ្យដោយលោកខាងលិច ហើយត្រូវការវាសរុបចំនួន ២៦គ្រឿង និងយ៉ាងហោចណាស់ ៧គ្រឿងជាបន្ទាន់។
លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំសហភាពអឺរ៉ុបថា «ជារៀងរាល់ថ្ងៃភេរវកររុស្ស៉ី ព្យាយាមផ្តាច់ការផ្គត់ផ្គង់ថាមពលសម្រាប់ទីក្រុង Kharkiv និងទីក្រុងដទៃទៀត ហើយរាល់ថ្ងៃនេះយើងបានឮថានឹងមានជំនួយផ្តល់មកឆាប់ៗ ដូចនេះការពិតត្រូវតែស័ក្តិសមនឹងពាក្យសម្តី ហើយការធ្វើឱ្យរុស្ស៉ីខាតបង់ ត្រូវតែមានការធានាយ៉ាងពិតប្រាកដ»។
បណ្តាមេដឹកនាំមកពីប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល រួមទាំងប៉ូឡូញ សាធារណរដ្ឋឆែក និងរូម៉ានី បានចូលរួមកិច្ចប្រជុំកំពូល «Three Seas Summit» ក្នុងទីក្រុងវីនីញូស ប្រទេសលីទុយអានី ដោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន មានភាពលេចធ្លោជាងគេនៅក្នុងរបៀបវារៈ៕
ដោយ៖ ធីរីណា